សួរ-ឆ្លើយតែឯង

សួរ-ឆ្លើយតែឯង 
©អត្ថបទ ដោយ ហេង ដារី 
©រូបភាព ដោយ Canva 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់ 
សួរ-ឆ្លើយតែឯង
សួរ-ឆ្លើយតែឯង
រាល់ថ្ងៃ ក្រៅពីទំនេរអង្គុយមើលផ្កា មើលហ្វូងឃ្មុំ កន្ទុំរុយ មេអំបៅ និងមើលខ្លួនឯង ខ្ញុំតែងសួរម្នាក់ឯង និងឆ្លើយម្នាក់ឯងជាប្រចាំ។ 
- អ្ហែងជាឆ្កែអាត្មានិយមមែន? 
- អត់ទេ អញគ្រាន់តែជាឆ្កែនិយមអាត្មាប៉ុណ្ណោះ។ 
- ម៉េចអ្ហែងមិនអើពើ ពេលឃើញគេមានទុក្ខ? 
- ចុះពេលអញចួបទុក្ខ អ្នកណាខ្លះមកជួយអញ! 
- អ្ហែងគុំគេមែន? 
- អញមានគុំឯណា អញគ្រាន់តែចួប ហើយចោះក្បាលចាំប៉ុណ្ណឹងឯង។ 
- អ្ហែងមានដែលគិតធ្វើអំពើល្អដាក់គេខ្លះដែរទេ? 
- ដាក់អាណាគេ? បើគេមិនដែលខ្វល់ពីអញផង! 
- អ្ហែងធ្វើល្អដាក់គេ កុំរំពឹងផលត្រលប់មកវិញអី! 
- អូ៎ ណូ! នោះមិនមែនអាខ្មៅអញទេ។ 
- អ្ហែងរៀនធ្វើបុណ្យខ្លះទៅ? 
- ហើយរាល់ថ្ងៃ អញធ្វើបាបមែន? 
- អ្ហែងគួរតែមានចិត្តជួយសង្គមផង បើអ្ហែងមិនធ្វើពេលនេះ ប្រយ័ត្នរឿងទាំងអស់នោះវាធ្លាក់លើអ្នកជំនាន់ក្រោយ ឬសាច់ញាតិរបស់អ្ហែងទៅ! 
- អ្ហែងចង់ជួយអីជួយទៅ ផលបុណ្យ ឬក៏ប្រជាប្រិយភាពបានទៅលើអ្ហែងទេ។ តែអញស្អប់អ្ហែងមួយ បើអ្ហែងបានក្លាយជាHeroហើយ ម៉េចក៏ចាំបាច់មកដាក់បណ្តាសារឱ្យអ្នកជំនាន់ក្រោយ ឬក៏សាច់ញាតិអញទៀត? 
- អើមកពីអ្ហែងអត់ចិត្ត អត់ថ្លើមនោះអី! 
- ចិត្ត និងថ្លើមអញមានពេញខ្លួន។ គ្រាន់តែអញមិនទាន់យល់រឿងដែលអ្ហែងកំពុងតែស្រែកជួយគេនោះ! អញត្រូវដឹងរឿងគ្រប់ជ្រុងជ្រោយសិន មុននឹងអញសម្រេចចិត្តថាត្រូវតាមអ្ហែង ឬអត់។ 
- អ្ហែងលើកហេតុផលមកដើម្បីតែការពារផលប្រយោជន៍អ្ហែងប៉ុណ្ណោះ! 
- អើ! 
- ឆ្កែដូចអ្ហែងរាប់អានមិនកើតទេ! 
- អើ បើរាប់មិនកើត អ្ហែងទៅលិចទៅ។ 
- ...

អ្ហឹមដល់ម៉ោងខ្ញុំ ទៅផឹកទឹកអូរ និងរកអាចម៍ក្រៀមនៅឯព្រៃធំខាងក្រោយហើយ... 
- អាពាល! នៅឯណាពៅមាស? តោះទៅកម្សាន្តព្រៃជាមួយនឹងបង! 
- អញមកដល់ហើយ បងខ្មៅ! (អាពាលព្រុសពីចម្ងាយ) 
- នឹកភ្លាម ឃើញមុខភ្លែតតែម្តងហើយ អ្ហ៎ា! ព្រឹកស្អែក អញចង់បបួលអ្ហែងទៅរួមភេទ អូ៎សច្រឡំ ទៅផឹកកាហ្វេម្តង! 
- ហាស ហាស ហាស... (អាពាលសើចក្អាកក្អាយ) 
ឥឡូវនេះ អាពាលតែងតែមកអើតខ្ញុំញឹកញាប់ជាងពីមុន ដោយសារតែវាបារម្ភខ្លាចខ្ញុំឆ្កួត។

អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- គាំងឌីស

Post a Comment

0 Comments