ខ្មោចស្រីនៅតាមផ្លូវ

ខ្មោចស្រីនៅតាមផ្លូវ
©អត្ថបទ និងរូបភាពដោយ ភូ ចរិយា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់

កាលពីបីឆ្នាំមុន ខ្ញុំជាបុគ្គលិកស្ម័គ្រចិត្តនៅអង្គការមួយ។ 
ថ្ងៃមួយ ខ្ញុំត្រូវចុះបេសកកម្មទៅខេត្តតាកែវចំនួនពីរថ្ងៃ។ 
ខ្ញុំទៅជាមួយបងៗរួមការងារពីរនាក់ ម្នាក់ឈ្មោះរិន និងម្នាក់ទៀតឈ្មោះម៉ក់ ដោយជិះឡានរបស់អង្គការទៅ។
ពួកយើងបញ្ចប់បេសកកម្មរាងយឺត។ ម៉ោង៩យប់ទើបពួកយើងបានចេញពីខេត្តតាកែវ។ 
បងរិនជាអ្នកបើកឡាន បងម៉ក់អង្គុយកៅអីមុខជាប់នឹងបងរិន ចំណែកខ្ញុំអង្គុយបាំងខាងក្រោយ ពីក្រោយបងរិន។ 
ដោយសារតែមេឃងងឹត និងផ្លូវមានជង្ហុកច្រើន បងរិនមិនហ៊ានបើកឡានលឿនទេ។ 
តាមផ្លូវស្ងាត់ មានតែឡានពួកយើងមួយ។ ប្រហែលជាមកដល់ពាក់កណ្តាលផ្លូវ ខ្ញុំឃើញអ្វីសស្ទុងៗនៅខាងមុខ តែដោយសារតែនៅឆ្ងាយ ដូច្នេះមើលមិនច្បាស់ មិនដឹងថាជាអ្វី។
Ghost woman on the road
Ghost woman on the road
មិនមែនតែខ្ញុំទេ បងរិន និងបងម៉ក់ក៏ឃើញដូចគ្នាដែរ។ 
- តើអីគេហ្នឹង? (បងម៉ក់សួរ) 
- ខ្ញុំមិនដឹងទេ។ (ខ្ញុំតប) 
- ពេលទៅដល់ជិត នឹងដឹងហើយ។ (បងរិនពោល) 
ពេលដែលឡានទៅដល់ ពួកយើងឃើញនារីម្នាក់សក់វែង ពាក់អាវពណ៌ស និងស្លៀកខោពណ៌ខៀវ កំពុងឈរបក់ដៃ។ 
បងរិនបរឡានចូលទៅឈប់នៅពីមុខ រួចបងម៉ក់បើកកញ្ចក់ឡាន ហើយសួរ៖ 
- យ៉ាងម៉េចដែរ ប្អូនស្រី? 
- ខ្ញុំចង់ទៅផ្ទះ តែរកឡានមិនបាន។ (នាងឆ្លើយ) 
- តើផ្ទះទៅដល់ណា? 
- នៅជិតភ្នំតាម៉ៅ។ 
- ទៅដល់ភ្នំអ្ហ៊ែៈ? 
- អត់ទេ។ នៅកាច់ជ្រុងផ្លូវបត់ចូលទៅភ្នំតាម៉ៅ ផ្ទះខ្ញុំនៅតាមផ្លូវជាតិ។ 
បងម៉ក់ងាកមកសួរ៖ 
- តើគិតយ៉ាងម៉េចដែរ? 
បងរិនងាកមកមើលមុខខ្ញុំ។ ខ្ញុំយល់ថាពួកគាត់ចង់ដឹងពីគំនិតរបស់ខ្ញុំ ដូច្នេះខ្ញុំក៏និយាយ៖ 
- ខ្ញុំគ្មានបញ្ហាទេ ប៉ុន្តែបងសួរនាងទៅថាព្រមទៅជាមួយពួកយើងឬអត់។ 
បងរិន និងបងម៉ក់ងក់ក្បាល បន្ទាប់មកបងម៉ក់ងាកទៅរកនារីនោះ រួចនិយាយ៖ 
- ពួកយើងអាចជូនទៅបាន តែពួកយើងសុទ្ធតែជាមនុស្សប្រុស។ 
- ខ្ញុំមិនប្រកាន់ទេ។ (នាងតប) 
- បើអ៊ីចឹង ចូលឡានមក។ (បងរិនពោល រួចធ្វើសញ្ញាឲ្យនាងទៅបាំងក្រោយ) 
ខ្ញុំបើកទ្វារឲ្យនាងចូលមកអង្គុយក្បែរខ្ញុំ។ នាងនិយាយថាអរគុណ មុននឹងទាញទ្វារឡានបិទ។ 

បន្ទាប់មក ឡានក៏បន្តដំណើរ។ តាំងពីនាងឡើងមក ឡានហាក់ដូចជាចម្លែក។ 
មុនពេលជួបនាង ពួកយើងជិះបណ្តើរជជែកគ្នាបណ្តើរ។ 
ពេលនាងឡើងមក ពួកយើងអត់ជជែកគ្នាទេ ដោយសារតែក្នុងឡានស្រាប់តែត្រជាក់ខុសពីធម្មតា សឹងតែធ្វើឲ្យពួកយើងកក មួយទៀតខួរក្បាលពួកយើងហាក់ដូចជាធ្ងន់ រកតែគិតអ្វីក៏មិនចេញ។ 

ពេលជិតដល់ផ្លូវបត់ចូលភ្នំតាម៉ៅ ស្រាប់តែបាត់នាងពីក្នុងឡានមួយរំពេច ហើយពួកយើងក៏ត្រលប់មករកសភាពធម្មតា។  
- នាងទៅបាត់ហើយ។ (ខ្ញុំប្រាប់) 
បងរិន និងបងម៉ក់ងាកមកមើលក្រោយក្នុងពេលដំណាលគ្នា។ 
- បង! មើលផ្លូវ។ (ខ្ញុំស្រែក) 
បងរិនប្រញាប់ងាកទៅវិញ ព្រមទាំងនិយាយ៖ 
- សុំទោស! មកពីបងភ្ញាក់ផ្អើលពេក។ បងមិនបានឈប់ឡានផង តើនាងចុះយ៉ាងម៉េច? 
- ខ្ញុំមិនដឹងទេ។ (ខ្ញុំតប) 
- នាងហ្នឹងជាខ្មោច។ (បងម៉ក់និយាយ) 
គ្រាន់តែនិយាយចប់ សំឡេងឆ្កែលូក៏លាន់ឡើង ធ្វើឲ្យពួកយើងឡើងព្រឺសម្បុរខ្ញាក។ ពួកយើងជឿសម្តីបងម៉ក់ នារីម្នាក់នោះពិតជាខ្មោច។ ពួកយើងបានឃើញទាំងអស់គ្នា មិនមែនជាការស្រមើស្រមៃឡើយ។ ពិតប្រាកដឥតមានក្លែងក្លាយ។ 
បងរិនជាន់ហ្គ៊ែរបន្ថែមល្បឿន តែមិនលឿនពេកទេ។ ពួកយើងម្នាក់ៗសម្ងំស្ងៀម សូត្រធម៌ក្នុងចិត្តរៀងៗខ្លួន សុំឲ្យព្រះពុទ្ធជួយ ព្រោះខ្លាចខ្មោចស្រីនោះតាម ឬមានខ្មោចផ្សេងទៀតចេញមកកាក់ផ្លូវ។ ពួកយើងសូត្រធម៌តាមផ្លូវរហូត ប្រហែលជាកន្លះម៉ោងក្រោយ ឡានចូលដល់ភ្នំពេញ នៅតាមផ្លូវមានភ្លើងបំភ្លឺ និងមានរថយន្តបរទៅវិញទៅមក ធ្វើឲ្យពួកយើងអន់ខ្លាច។ 

តាមច្បាប់របស់អង្គការ ពួកយើងត្រូវយកឡានទៅទុកនៅការិយាល័យនៅថ្ងៃដែលពួកយើងមកដល់ ទោះបីជាយប់ក៏ដោយ។ ជាធម្មតា បងរិនគោរពច្បាប់ណាស់ តែយប់នេះគាត់ធ្វើខុសម្តង។ 
គាត់ដាក់ពួកយើងតាមផ្ទះរៀងៗខ្លួន បន្ទាប់មកគាត់ក៏យកឡានទៅផ្ទះរបស់គាត់។ 
ឲ្យធ្វើម្តេចទៅ? បើកណ្តាលអធ្រាត្រទៅហើយ ហើយទើបតែជួបខ្មោចសើមៗទៀត។ 

ព្រឹកថ្ងៃបន្ទាប់ ខ្ញុំទៅធ្វើការ។ ខ្ញុំធ្វើធម្មតា ហើយបងរិន និងបងម៉ក់ក៏ធ្វើធម្មតា អត់មាននិយាយអ្វីឡើយ។ 
លុះដល់ថ្ងៃត្រង់ បងម៉ក់បានមកស្នើថា ពួកយើងទាំងបីគួរតែទៅស្រោចទឹក។ ខ្ញុំ និងបងរិនយល់ព្រម។ នៅពេលល្ងាច ពេលចេញពីធ្វើការ ពួកយើងក៏ទៅវត្តឲ្យព្រះសង្ឃស្រោចទឹករំដោះគ្រោះឲ្យ។ 
ដោយសារតែរឿងមួយនេះ ខ្ញុំជឿថា នៅលើលោកនេះពិតជាមានខ្មោចមែន៕

Post a Comment

0 Comments