Crushបង 4
©អត្ថបទដោយ ហេង ដារី
©រចនាអក្សរចំណងជើងដោយ ឆាន់ វុត្ថា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
-៤-
នៅថ្ងៃទី៥ខ្ញុំក្រោកពីគេងទាំងធេងធោង។ ភ្នែកខ្ញុំរាងស្រវាំង ហើយក្រហាយតិចៗ។ ខ្ញុំដូចជាស្រលាញ់គ្រែ និងចង់សំងំគេងបន្តនៅក្នុងភួយដ៏កក់ក្តៅនេះពន់ពេក។ ប៉ុន្តែ ខ្ញុំមិនអាចធ្វើតាមចិត្តបានទេ ព្រោះពេលនេះ ខ្ញុំមកដើរលេងតាមTour។ គេកំណត់ និងរៀបចំពេលវេលាច្បាស់លាស់។
បងលក្ខក៏ដូចគ្នា។ បងប្អូនខ្ញុំទាំងពីរនាក់ក្រោកទៅញ៉ាំអាហារពេលព្រឹក ទាំងមុខហត់នឿយ។
នៅតុអាហារ ប៉ាសួរ៖
- យ៉ាងម៉េចហើយ កូនលីន កូនលក្ខ?
- ខ្ញុំងងុយគេងណាស់ប៉ា ហួម ហួម... (ខ្ញុំតបទាំងយកដៃបិទមាត់ដែលកំពុងតែហាយ៉ាងធំ)
- ខ្ញុំវិញ មិនចង់ក្រោកសោះ ប៉ា ហួម ហួម... (បងលក្ខស្ងាបដែរ)
- មកពីពួកឯងអត់ងងុយ កាលពីយប់មិញហ្នឹង។ (ប៉ានិយាយ)
- ម៉េចក៏មិនព្រមនាំគ្នាចូលដេកពីព្រលប់? ចៅលក្ខនាំប្អូនមើលរឿងភាគដាច់យប់ទៀតហើយ។ (យាយស្តីឱ្យ)
ពេលនោះ ម៉ាក់ក៏បាននិយាយរឿងដែលខ្ញុំវង្វេងជាមួយបងមុំ កាលពីយប់ប្រាប់យាយ។ យាយបើកភ្នែកធំៗ រួចយកដៃទះខ្នងខ្ញុំតិចៗ ព្រមទាំងពោល៖
- ព្រលឹងបួនដប់នៅតៃប៉ិអើយចូលមកក្នុងខ្លួនចៅពៅខ្ញុំវិញមក។
- ចូលតែ១បានហើយ យាយ។ (ខ្ញុំសើច)
នោះគឺបងមុំ។ គាត់គ្រាន់តែឃើញមុខខ្ញុំភ្លាម ស្ទុះហេមកតែម្តង៖
- អាលីន! ម៉េចហើយ?
ខ្ញុំប្រាប់គាត់ត្រួសៗតាមដំណើររឿង។ ហើយខ្ញុំក៏សួរគាត់វិញ៖
- ចុះបងមុំឯងទៅដល់ណាខ្លះ? ម៉េចបានមិនត្រលប់មករកខ្ញុំវិញ?
- បងរត់តាមហៅក្រុមរហូតដល់ផ្លូវចូលអគារ១០១ តែតាមពិត មិនមែនក្រុមយើងសោះ។ បងស្រងាកចិត្ត រួចក៏ត្រលប់មករកលីនឯងវិញ ប៉ុន្តែអត់ឃើញ។ បងចាប់ផ្តើមរងេរងើ។ បងសម្រេចចិត្តដើរបកក្រោយបណ្តើរ ផ្ញើសារឱ្យលីនឯងបណ្តើរ តែអ៊ីនធឺនែតនៅវិលនៅហ្នឹង។ ពេលមកដល់ផ្លូវធំទី១ បងក៏ហៅតាក់ស៊ីដើម្បីជិះត្រលប់មកសណ្ឋាគារវិញទៅ។
ឮបងមុំផ្ញើសារឱ្យ ខ្ញុំក៏ចុចមើល។ ចុម! យប់មិញហេតុអីក៏ខ្ញុំមិនឃើញសារបងមុំអ៊ីចឹង? អូ៎! គឺគាត់ផ្ញើមកនៅពេលគេបាញ់កាំជ្រួច ទើបខ្ញុំមិនបានឮ។
- យប់មិញ ទូរស័ព្ទគ្មានសេវ៉ាអ៊ីនធឺនែតទេ បងមុំ។ (ខ្ញុំនិយាយដោះសា)
ពេលនោះ អ្នកនាំភ្ញៀវក៏ដើរមករកពួកយើង៖
- នៅតៃប៉ិនេះណា ឱ្យតែស្គាល់ឈ្មោះកន្លែងដែលយើងស្នាក់នៅ គឺមិនងាយវង្វេងដាច់ខាត។ អ្នកតៃប៉ិចិត្តបាន និងរាក់ទាក់ណាស់។ ពួកគេមិនទុកឱ្យភ្ញៀវបរទេសឯកោទេ។
ខ្ញុំងក់ក្បាលយល់ស្របនឹងសម្តីបងអ្នកនាំភ្ញៀវ។ ខ្ញុំនឹកឃើញដល់បងជីម ហើយបបូរមាត់ខ្ញុំក៏ញញឹមមួយរំពេច។
ស្របពេលនោះ ត្របកភ្នែកស្តាំរបស់ខ្ញុំចាប់ផ្តើមញាក់ទ្រើតៗ។ វាញាក់ឥតដាច់ទៀតហើយ។ ខ្ញុំយកក្រមួនដែលបងជីមឱ្យមកលាបបបូរមាត់សើៗ។
ព្រឹកនេះ ចាស់ៗនៅក្នុងក្រុមនាំគ្នានិយាយតែពីរឿងបងមុំ និងខ្ញុំវង្វេង កាលពីយប់មិញ។
អាហារពេលព្រឹករួច គេនាំពួកយើងទៅមើលហាងលក់គ្រឿងសម្អាង។ ថ្ងៃនេះ ពួកយើងដើរលេងនៅក្នុងក្រុងតៃប៉ិ។
ចេញពីហាងលក់គ្រឿងសម្អាង ពួកយើងទៅលេងវិមានSun Yat-Sen។
ស៊ុន យ៉ាតសេន ជាបិតាជាតិនៃសាធារណរដ្ឋចិន។
ក្រៅពីមើលសំណង់អគារ ឧទ្យានZhongshan និងវត្ថុតាំងជាច្រើនដែលទាក់ទងនឹងមេដឹកនាំ គេនៅអាចមើលពិធីផ្លាស់ប្តូរទាហាន ដែលនៅយាមប្រចាំការរូបសំណាក នៅរៀងរាល់មួយម៉ោងម្តងទៀតផង។ ពេលឃើញទាហាន ខ្ញុំក៏នឹកឃើញដល់បងជីមភ្លាម។
បន្ទាប់ពីមើលវិមានSun Yat-Sen រួចគេនាំពួកយើងទៅលេងអគារ១០១។
គ្រាន់តែឮឈ្មោះអគារ ខ្ញុំញញឹមម្នាក់ឯងទៀត ហើយក៏នឹកដល់Crushមួយរំពេច។ ឥឡូវនេះ ខ្ញុំទៅដល់ទីណា ក៏មានបងជីមនៅក្នុងចិត្តខ្ញុំរហូត។
ថ្វីដ្បិតមានជាង១០០ជាន់ គេឲ្យពួកយើងឡើងមើលត្រឹមជាន់ទី៨០ជាងប៉ុណ្ណោះ។ នៅទីនោះ មានលក់ភេសជ្ជៈ នំ អាវ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ពួកយើងចូលមើលដុំមូលដែលសម្រាប់ទប់លំនឹងអគារ។
ថ្ងៃនេះមេឃស្រទំ ហើយចុះអ័ព្ទទៀត ធ្វើឱ្យយើងមិនអាចថត និងមើលទេសភាពនៅទីក្រុងតៃប៉ិទាំងមូលបាន។
ចុះពីអគារមកវិញ គេនាំពួកយើងជិះកន្ត្រកវិលដ៏ធំ ហើយខ្ពស់ ដើម្បីមើលទិដ្ឋភាពដ៏ស្រស់ស្អាតទាំងមូលនៃក្រុងតៃប៉ិ។
យាយខ្ញុំបដិសេធមិនជិះជាមួយពួកយើងទេ។
ពេលអាហារថ្ងៃត្រង់ ពួកយើងទៅញ៉ាំBuffetសាច់អាំងនៅផ្សារទល់មុខកន្ត្រកវិល។
ពេលកំពុងញ៉ាំអាហារ ស្រាប់តែសំឡេងទូរស័ព្ទលាន់ឡើង ទឹង ទឹង។ ខ្ញុំប្រញាប់ឆែកមើលភ្លាម។
«សួស្តី លីន!»
គឺសាររបស់បងជីម។ ខ្ញុំញញឹមខ្ជឹប។
សាររបស់បងជីមលោតមកជាបន្តទៀត។ រកតែខ្ញុំបិទសំឡេងស្ទើរតែមិនទាន់។
«កំពុងនៅឯណា?»
«បានទៅលេងកន្លែងណាខ្លះហើយ?»
ខ្ញុំចុចផ្ញើសារបណ្តើរ ញ៉ាំសាច់អាំងបណ្តើរ។
បងលក្ខអង្គុយក្បែរខ្ញុំ។ គាត់និយាយបណ្តើរ លួចមើលសារខ្ញុំបណ្តើរ៖
- ស្វ៊ីតណាស់ នាងនេះ!
- ស្វ៊ីតអីគេ កូន? (ប៉ាសួរ)
- ទឹកជ្រលក់សាច់អាំងនេះផ្អែមដល់ហើយ ប៉ា។ (ខ្ញុំតប)
- ហាស ហាស ហាស... (បងលក្ខសើច)
- ពេលញ៉ាំ កុំលេងទូរស័ព្ទ លីន! (ម៉ាក់ប្រាប់)
- ចាស ម៉ាក់។
មុននឹងដាក់ទូរស័ព្ទលើតុអាហារ ខ្ញុំឆ្លៀតថតចានសាច់អាំងបានមួយប៉ុស្តិដែរ។
ពីរថ្ងៃចុងក្រោយនេះ ខ្ញុំញ៉ាំអីមិនសូវបានទេ ដោយសារតែផ្សាបបូរមាត់ផង និងហត់ផង។
ថ្ងៃនេះ មាត់ខ្ញុំរាងគ្រាន់បើបន្តិច ក្រោយពីប្រើក្រមួនរបស់បងជីមរួច។
អ្ហឹម! ស្មានតែបងជីមភ្លេចខ្ញុំបាត់ទៅហើយ។ តាមពិត គាត់ទើបនឹងក្រោកពីគេង។ គាត់ផ្ញើសារប្រាប់ថា ថ្ងៃនេះ គាត់សម្រាកពីការងារមួយថ្ងៃពេញ។ ខ្ញុំចង់បបួលគាត់ឱ្យមកដើរលេងជាមួយណាស់ តែឥតហ៊ាន។
«លីន ឃើញរូបនៅក្នុងហ្វេសប៊ុក ហើយនៅ?» (បងជីមផ្ញើសារសួរ)
«នៅទេ។ តើរូបអីគេ?» (ខ្ញុំឆ្លៀតតបសារ ទាំងលួចមើលមុខម៉ាក់)
«រូបពួកយើង កាលពីយប់មិញ»
«អៃ៎! បងបង្ហោះមែន?»
«បាទ។ សុំទោសផង ដែលមិនបានសុំសិទ្ធិ»
ខ្ញុំរាងស្រៀវពោះវៀនតិចៗ ពេលឮបងជីមបង្ហោះរូប។ ខ្ញុំខ្លាចប៉ាម៉ាក់ និងយាយដឹងពីរឿងខ្ញុំលួច Crushមនុស្សប្រុស។
ខ្ញុំប្រញាប់ចូលឆែកមើលហ្វេសប៊ុកភ្លាម។ អ្ហឺយ! ធូរចិត្តបន្តិច ពេលឃើញបងជីមឥតបានTagឈ្មោះខ្ញុំ។
- វ៉ាវ! (បងលក្ខឧទាន)
- អីគេ បងលក្ខ? (ខ្ញុំសួរទាំងមិនយល់)
- បងគិតថា គេCrushឯងវិញ ច្រើនជាង។
- បើអ៊ីចឹងមែនល្អហើយ។ (ខ្ញុំតប)
ខ្ញុំសម្លឹងមើលរូបខ្ញុំដែលឈរថតញញឹមពព្រាយជាមួយបងជីម នៅក្បែរអគារ១០១។
បងជីមសរសេរCaption ជាភាសាអង់គ្លេសថា «ជាមួយក្មេងស្រីតូចកម្ពុជា នៅរាត្រីឆ្លងឆ្នាំ! រីករាយឆ្នាំថ្មី ឆ្នាំ២០១៧!»
រូបនេះត្រូវបានបងជីមបង្ហោះកាលពីជាង៩ម៉ោងមុន។ មានអ្នកCommentភាគច្រើនជាភាសាចិន។ ខ្ញុំចុចអូសរកមើលCommentជាភាសាអង់គ្លេស ឃើញមានមួយចំនួនដែរ។ មានអ្នកខ្លះសួរថា«អ្នកណាគេ?» ឬ«អបអសាទរ» ឬ«កម្ពុជាឬ?»ជាដើម។
«បងជីមស្អាត!» (ខ្ញុំផ្ញើសារឱ្យបងជីម)
«លីនសង្ហា» (បងជីបតប)
ខ្ញុំផ្ញើរូបសើច។ បងជីមផ្ញើរូបសើចត្រលប់មកវិញ។
«យ៉ាងម៉េចហើយ បបូរមាត់លីនអន់ឈឺបន្តិចទេ?» (បងជីមផ្ញើសារសួរបន្ត)
«បានធូរហើយ។ បងជីម ខ្ញុំចូលចិត្តLip balm និងប្រេងហ្នឹងណាស់!»
«ហេតុអី?»
«ព្រោះវាគ្មានក្លិន ហើយប្រើត្រូវ។»
បងជីមផ្ញើStickerបេះដូងមក រួចសួរបន្ត៖
«ល្ងាចនេះ លីនទៅលេងឯណាទៀត?»
«ខ្ញុំទៅលេងផ្សាររាត្រីXimending»
«ទៅប៉ែកខាងណាផ្សារ?»
«ខ្ញុំឥតដឹងទេ។»
«ចាំសួរអ្នកនាំភ្ញៀវមើល ថាគេនាំទៅដាក់ខាងណាផ្សារ។»
«ចាស។»
ស្របពេលនោះ អ្នកនាំភ្ញៀវបានដើរមកប្រាប់ពួកយើងឱ្យរៀបចំចេញដំណើរទៅមើលក្រុងតៃប៉ិបន្តទៀត។ ខ្ញុំឆ្លៀតសួរ៖
- បង ល្ងាចនេះ ពួកយើងទៅលេងផ្សារXimending ទៅប៉ែកខាងណាដែរ?»
- ត្រៀមលុយឱ្យច្រើនៗទៅអូន។ គេនាំពួកយើងទៅដាក់នៅផ្នែកលក់អីវ៉ាន់ប្រើប្រាស់ ដូចជា ខោអាវ កាបូប ស្បែកជើង ជាដើម។
ខ្ញុំងក់ក្បាល រួចផ្ញើសារប្រាប់បងជីមតាមសម្តីអ្នកនាំភ្ញៀវ។
«លីន អាចសុំលេខទូរស័ព្ទរបស់អ្នកនាំភ្ញៀវតៃវ៉ាន់ឱ្យខ្ញុំបានទេ?»
«សុំលេខគេ តាមរបៀបណា បង?»
«ប្រាប់ថា លីនមានមិត្តភក្តិនៅតៃប៉ិ ហើយគេចង់ដឹងទីតាំង ដើម្បីមកចួបលីន នៅផ្សារXimendingល្ងាចនេះ»
ខ្ញុំដើរទៅនិយាយជាមួយអ្នកនាំភ្ញៀវជនជាតិតៃវ៉ាន់ ដើម្បីសុំលេខទូរស័ព្ទផ្ញើឱ្យបងជីម។
«អ៊ីចឹង ពេលលីនចេញពីវិមាន ជា កៃចៀក ចាំប្រាប់ខ្ញុំផង។» (បងជីមផ្តាំ)
«បងមករកខ្ញុំមែនទេ?» (ខ្ញុំសួរដោយរំភើប)
«បាទ។»
«បងជីមល្អជាងគេ!»
បងជីមផ្ញើរូបសើចមក។ ខ្ញុំចុចសារប្រាប់៖
«ប៉ុណ្ណឹងសិនចុះ បង។ ខ្ញុំត្រូវចេញដំណើរទៀតហើយ។»
«អូខេ ចួបគ្នាល្ងាចនេះ លីន!»
«ចាស។»
ខ្ញុំបិទទូរស័ព្ទ រួចចេញជាមួយក្រុម ទៅបន្តដំណើរកម្សាន្តតាមTourទាំងរីករាយ។
ពួកយើងទៅលេងវិមាន ជា កៃចៀក។ វិមាន ស៊ុន យ៉ាតសេន និងវិមាន ជា កៃចៀក ជាទីកន្លែងប្រវតិ្តដែលគ្រប់ភ្ញៀវទេសចរមិនអាចរំលងបានឡើយ។
វិមាន ជា កៃចៀក ស្ថិតនៅលើផ្ទៃដីធំ ហើយសំណង់អគារក៏ធំជាងវិមាន ស៊ុន យ៉ាតសេន ដែរ។ នៅវិមាន ជា កៃចៀក មានរោងល្ខោនជាតិ នៅខាងឆ្វេងដៃ។ នៅចំកណ្តាល គឺច្រកចូលដ៏ធំចូលទៅកាន់វិមានដែលគេតម្កល់រូបសំណាក ជា កៃចៀក។ ចំណែកនៅខាងស្តាំដៃ គឺជាសាលមហោស្រពជាតិប្រគំតន្រ្តី។
ជា កៃចៀក ត្រូវជាប្អូនថ្លៃរបស់ ស៊ុន យ៉ាតសេន។ ប្រពន្ធរបស់ ស៊ុន យ៉ាតសេន ត្រូវជាបងស្រីបង្កើតរបស់ប្រពន្ធ ជា កៃចៀក។ ស៊ុន យ៉ាតសេន បានផ្តួលរំលំរបបស្តេចនៅស្រុកចិន។ ពេលស្លាប់ទៅ គាត់បានប្រគល់អំណាចឲ្យ ជា កៃជៀក។ ប៉ុន្តែ ជា កៃចៀក បានដឹកនាំលម្អៀងទៅរកពួកអ្នកមាន ដែលធ្វើឲ្យប្រជាជនចិនខឹង។
ចំណែក ម៉ៅ សេទុង កាន់ខាងប្រជាជន ដូច្នេះគាត់ក៏នាំទ័ពទៅវាយជាមួយ ជា កៃចៀក។ ជា កៃចៀក បានចាញ់សង្រ្គាម រួចក៏បាននាំទ័ពជាង១០ម៉ឺននាក់រត់ទៅនៅកោះតៃវ៉ាន់។ ពេលទៅដល់កោះតៃវ៉ាន់ ជា កៃចៀក ក៏បានសង់វិមាន ស៊ុន យ៉ាតសេន។
នៅពេល ជា កៃចៀក ស្លាប់ កូនប្រុសរបស់គាត់ក៏បានសង់វិមានឱ្យគាត់មួយដែរ គឺ វិមាន ជា កៃចៀក នេះឯង។
ក្រោយពីមើលវិមាន ជា កៃចៀក ពួកយើងក៏ទៅលេងផ្សាររាត្រីXimending ដែលជាទីដៅចុងក្រោយនៃដំណើរកម្សាន្ត។
ខ្ញុំប្រញាប់ផ្ញើសារប្រាប់បងជីម ពេលកំពុងជិះក្នុងឡាន។
«អូខេ លីន ខ្ញុំនៅជិតៗផ្សារស្រាប់ហើយ។» (បងជីមតបសារភ្លាម)
ខ្ញុំហុចសារក្នុងទូរស័ព្ទឱ្យបងលក្ខមើល។ បងលក្ខអានហើយ និយាយតិចៗ៖
- Crushរបស់ឯងតាមឯងឱ្យស្អីតម៉ង នាងលីន។ យើងចង់ឃើញមុខគេផ្ទាល់ម្តង។
- បន្តិចទៀត បងបានចួបគាត់ហើយ។ (ខ្ញុំតប) តែបងលក្ខអ្ហ៎ា ចុះបើប៉ាម៉ាក់របស់យើងឃើញបងជីម តើគិតម៉េចទៅ?
- ក្រែងប៉ាយើងបានចួបគេ កាលពីយប់មិញរួចហើយមែនទេ? (បងលក្ខសួរវិញ)
ខ្ញុំងក់ក្បាលតិចៗ។ ទោះយ៉ាងណា ខ្ញុំនៅតែបារម្ភអំពីរឿងបងជីមមករកខ្ញុំនៅល្ងាចនេះ។
មួយសន្ទុះក្រោយមក ពួកយើងក៏បានមកដល់ច្រកចូលផ្សាររាត្រីXimending។
ខ្ញុំចុចផ្ញើសារប្រាប់បងជីមថា ខ្ញុំមកដល់ផ្សារហើយ។
គេទុកពេលឱ្យពួកយើងមួយម៉ោងសម្រាប់ដើរមើលផ្សារ និងទិញទំនិញផ្សេងៗ។
ផ្សារXimendingនេះសង់លើផ្ទៃដីធំរាប់សិបគីឡូម៉ែត្រ ដែលមានបែងចែកប៉ែកលក់អីវ៉ាន់ប្រើប្រាស់ ប៉ែកលក់កាបូប ស្បែកជើង ស្រោមទូរស័ព្ទ... ប៉ែកលក់សម្លៀកបំពាក់ ប៉ែកអាហារ ចំណីចំណុក...
យើងមួយគ្រួសារដើរតាមផ្លូវដែលមានផ្ទះ និងអគារនៅអមសងខាង ព្រមទាំងមានភ្លើងចម្រុះពណ៌ព្រោងព្រាត។ ដោយសារតែជារដូវបុណ្យចូលឆ្នាំសាកល ស្ទើរគ្រប់ទំនិញនៅក្នុងផ្សាររាត្រីXimendingនេះត្រូវបានលក់បញ្ចុះតម្លៃ។ មានមនុស្សជាច្រើនដើរលេង និងទិញទំនិញ។
ប៉ាដើរតាមមើលបងលក្ខ និងខ្ញុំជាប់មិនឱ្យដាច់កន្ទុយភ្នែក។ បងលក្ខកេះខ្ញុំ រួចនិយាយតិចៗ៖
- នាងលីនអ្ហ៎ា មើលប៉ាដើរនៅជាប់ៗពួកយើង។
- ប្រហែលគាត់ខ្លាចពួកយើងវង្វេងហើយ។ (ខ្ញុំតប) បើខ្ញុំប្រាប់ប៉ាតាមត្រង់ ម៉េចដែរបងលក្ខ?
បងលក្ខនៅស្ងៀម។ ខ្ញុំបង្អង់ជើងចាំប៉ា។ ពេលនោះ ប៉ាក៏មកដល់។ ខ្ញុំក៏តោងដៃប៉ា រួចនិយាយទាំងស្ទាក់ស្ទើរ៖
- ប៉ា?
- ថីកូន? (ប៉ាសម្លឹងមុខខ្ញុំ)
- ខ្ញុំមានរឿង១ចង់ប្រាប់ប៉ា។
- រឿងអីកូន? ឆាប់និយាយមក លីន! (ប៉ាតឿន)
- ប៉ាសន្យាសិនមក។
ប៉ាងក់ក្បាលយល់ព្រម។ ខ្ញុំចាប់ផ្តើមរៀបរាប់ពីរឿងបងជីមមកចួបខ្ញុំ ក្នុងពេលបន្តិចទៀតនេះ។
ប៉ាសួរទាំងឆ្ងល់៖
- គេមករកកូនធ្វើអី?
- ខ្ញុំឥតដឹងទេ ប៉ា។ (ខ្ញុំចេះតែឆ្លើយយករួចខ្លួន មែនទែនទៅ ខ្ញុំចង់ចួបគេចង់ប្រកាច់)
- លីន ល្អហើយដែលកូនមិនលាក់នឹងប៉ា។ (ប៉ានិយាយទាំងសម្លឹងមុខខ្ញុំថ្មែ។)
ពេលនោះ សំឡេងសារក៏លាន់ឡើង។ ខ្ញុំចុចមើល៖
«ខ្ញុំឃើញលីនហើយ ខ្ញុំឈប់នៅហាងស្បែកជើងខាងមុខ»
«ចាស»
ខ្ញុំតប ទាំងងាករកមើលម្ចាស់សារ រួចខ្ញុំនិយាយបន្តជាមួយប៉ា និងបងលក្ខ៖
- ប៉ា បងជីមចាំនៅហាងលក់ស្បែកជើងនោះ។
ពួកយើងដើរទៅរកហាងស្បែកជើង។ ពេលទៅដល់ ប៉ា បងលក្ខ និងខ្ញុំនាំគ្នាឈប់មើល ធ្វើដូចជាចង់ទិញស្បែកជើង។
ពេលនោះ បងជីមក៏ចេញមកនិយាយរាក់ទាក់ប៉ា។ ខ្ញុំញញឹមដាក់បងជីម ទាំងមិនសូវសម។
ខ្ញុំណែនាំបងលក្ខ និងបងជីមឱ្យបានស្គាល់គ្នា។
យាយ និងម៉ាក់ឃើញពួកយើងឈប់ ពួកគាត់ក៏ចូលមើលស្បែកជើងដែរ។ ពួកគាត់មិនបានចាប់អារម្មណ៍រឿងបងជីមដែលកំពុងនិយាយគ្នាជាមួយប៉ានោះទេ។ ចំណែកបងលក្ខទៅរើសស្បែកជើងជាមួយយាយ និងម៉ាក់។
ខ្ញុំនៅឈរស្ងៀមក្បែរប៉ា។ បងជីមបានហុចប្រអប់នំចំនួនពីរ និងថង់ក្រដាសពីរទៀតមកឱ្យខ្ញុំ រួចនិយាយ៖
- នេះនំSponge Cake។ មួយរសជាតិដើម និងមួយទៀតរសជាតិឈីស។
- Xièxiè បង។
- លីន លស្បែកជើងនៅក្នុងថង់សាកមើល តើល្មមនឹងជើងដែរទេ? (បងជីមប្រាប់)
- ស្បែកជើង! ស្បែកជើងអីគេ? (ខ្ញុំសួរទាំងធ្វើភ្នែកឡិងឡង់)
- នៅក្នុងថង់មួយនេះ។ (បងជីមចង្អុលប្រាប់ថង់នៅដៃខ្ញុំ)
ខ្ញុំលើកថង់ស្បែកជើងបង្ហាញ ទាំងធ្វើទឹកមុខសួរថា គាត់ទិញឱ្យឬ។ បងជីមងក់ក្បាល។
ខ្ញុំញញឹម។ ខ្ញុំរៀបដាក់ប្រអប់នំនៅនឹងដៃចុះ ប៉ុន្តែបងជីមលូកដៃមកទទួលកាន់ជំនួស។
ខ្ញុំប្រញាប់យកស្បែកជើងចេញពីក្នុងថង់។ វ៉ាវ! គឺជាស្បែកជើងស៊ក ធ្វើពីស្បែកពណ៌ខ្មៅរលោងស្រិល និងមានទ្រនាប់បាតជាក្រែប ។ ម៉ូតវាស្អាត ហើយឡូយមែនទែន! អ្នកលក់ប្រាប់ខ្ញុំឱ្យទៅអង្គុយលើកៅអី ដើម្បីល។ ខ្ញុំដោះស្បែកជើងប៉ាតាចេញ រួចស៊កពាក់ស្បែកជើងថ្មី។ គឺវាត្រូវនឹងជើងរបស់ខ្ញុំប៉ាច់តែម្តង។
ខ្ញុំញញឹម រួចលើកដៃធ្វើសញ្ញាអូខេ ដាក់បងជីម។
បងជីមញញឹមតប។ រួចគាត់ក៏ទៅឈរនិយាយគ្នាបន្តជាមួយប៉ារបស់ខ្ញុំ។ ពេលនោះ ម៉ាក់ស្រែកហៅខ្ញុំ៖
- លីនអ្ហា៎ មករើសស្បែកជើង១គូទៅកូន។
ខ្ញុំប្រញាប់ទៅរកស្បែកជើង ជាមួយបងលក្ខដែរ។ បងលក្ខ និងខ្ញុំរើសបានប៉ាតាម្នាក់មួយគូ ដែលមានម៉ូតដូចគ្នាបេះបិទ។
បន្តិចក្រោយមក ម៉ាក់ និងយាយបានរកស្បែកជើងដែលត្រូវចិត្តពួកគាត់។
- ស្បែកជើងនៅហាងនេះស្អាតៗ ហើយធូរថ្លៃជាងនៅស្រុកយើង។ (ម៉ាក់និយាយ)
- ម៉ែស្រលាញ់អាម៉ូតរបស់ម៉ែណាស់ កូន។ (យាយតប)
បន្ទាប់ពីទិញរួចហើយ ពួកយើងក៏ដើរទៅរកក្រុមវិញ។
ប៉ា និងបងជីមចាប់ដៃរលាក់លាគ្នាទាំងញញឹមញញែម។ បងជីមហុចកញ្ចប់នំ និងថង់ស្បែកជើងមកឱ្យខ្ញុំ។
ខ្ញុំលើកដៃលាបងជីមទាំងមុខស្ងួត។ ចួបបបងជីមហើយ ក៏បែកគ្នាវិញ...
នៅតាមផ្លូវ យាយដើរជាមួយចាស់ៗពីរបីនាក់នៅក្នុងក្រុម។ ម៉ាក់ខ្ញុំដើរជាមួយម៉ាក់របស់បងមុំ។ ចំណែកបងលក្ខ និងខ្ញុំដើរតោងដៃប៉ាម្នាក់ម្ខាង ធ្វើដូចប៉ាជាប្រុសសង្ហាលើសគេ នៅក្នុងផ្សាររាត្រីXimendingអ៊ីចឹង។
- ប៉ា? (បងលក្ខហៅ)
- យ៉ាងម៉េច លក្ខ? (ប៉ាតប)
- តើCrushនាងលីន.. អា៎ច្រឡំ! ប៉ូលីសម្នាក់ហ្នុងនិយាយអីខ្លះជាមួយប៉ា? (បងលក្ខជជីកសួរ)
- កូនលក្ខដឹងរឿងនាយប៉ូលីសហ្នុងដែរ? (ប៉ាសួរបកវិញ)
- ចាស ប៉ា។ (បងលក្ខតប)
- ល្អហើយ កូន។ ប្រសិនបើប្អូនមានរឿងអី ពួកយើងនឹងអាចជួយគ្នាបានទាន់ពេល។
ឮថាជួយគ្នាទាន់ពេល ខ្ញុំក៏សួរ៖
- បងជីមជាមនុស្សអាក្រក់មែន ប៉ា?
ប៉ាងាកមកនិយាយជាមួយខ្ញុំ៖
- ប៉ាមិនដឹងទេ លីន។ តែកូនទើបនឹងស្គាល់ជីមមីមែនទេ?
- ចាស។ ខ្ញុំស្គាល់គាត់ កាលពីយប់ដែលខ្ញុំវង្វេងប៉ាហ្នឹង។ ប៉ុន្តែខ្ញុំបានចួបគាត់ ពេលដែលពួកយើងទៅបង្ហោះគោម។ (ខ្ញុំរៀបរាប់)
- ហើយគេហ្នុងតាមTake careនាងលីនយើងដល់ឡើងឡានទៀតហ្ន៎ប៉ា។ (បងលក្ខបន្ថែម)
- ការស្គាល់គ្នា វាមិនអាក្រក់ទេកូន ប្រសិនបើយើងប៉ះមនុស្សល្អ។ ប៉ុន្តែម្នាក់ៗមិនដឹងថា មនុស្សល្អនៅឯណា ឬមានមុខមាត់យ៉ាងម៉េចនោះទេ។ អ៊ីចឹងហើយ បានប៉ាចង់ឱ្យកូនស្រីប៉ាទាំង២ចេះប្រយ័ត្នប្រយែងក្នុងការរាប់អានមនុស្ស។ មិនថារឿងអ្វីក៏ដោយ កូនត្រូវប្រាប់អ្នកផ្ទះយើងកុំខានឱ្សសោះ។
ប៉ានិយាយសង្កត់ពាក្យមួយៗ ហើយច្បាស់ៗប្រាប់ខ្ញុំ និងបងលក្ខ។ ពួកយើងឆ្លើយព្រមគ្នា៖
- ចាស ប៉ា។
ប៉ាតែងមានហេតុផលជានិច្ចក្នុងការណែនាំពួកយើង។ គាត់អត់ធ្មត់ ខុសពីម៉ាក់ និងយាយដែលតែងតែមានប្រតិកម្មលឿនដូចមីស៊ីល។
ចិត្តខ្ញុំមួយបានធូរស្បើយ ដោយបានប្រាប់រឿងសំខាន់នេះដល់ប៉ា ប៉ុន្តែចិត្តមួយទៀត ប្រៀបដូចជាស្លឹកឈើក្រៀមយ៉ាងម៉េចមិនដឹងទេ។
អ្ហឺយ!
នេះជាយប់ចុងក្រោយ ដែលពួកយើងដើរមើលមនុស្សម្នា ទិដ្ឋភាពផ្សារ ហាងទំនិញចម្រុះ សំណង់អគារ ថ្នល់តូចធំ ឡាន ម៉ូតូ... នៅផ្សាររាត្រី នៃក្រុងតៃប៉ិថ្មី។
ចេញពីដើរផ្សារ គេនាំពួកយើងទៅញ៉ាំប្រភេទអាហារពិធីមង្គលការនៅតៃប៉ិ។
ម្ហូបឆ្ងាញ់ ប៉ុន្តែខ្ញុំញ៉ាំមិនសូវចូលទេ ដោយសារហត់ផង និងឈឺមាត់ផង។
ពេលត្រលប់មកដល់សណ្ឋាគារវិញ ពួកយើងបបួលយាយចូលបន្ទប់ប៉ាម៉ាក់។
- ទៅបន្ទប់ប៉ាម៉ាក់ឯងធ្វើអី ចៅលីន? (យាយសួរ)
- ទៅភ្លក្សនំSponge Cake ណ៎ាយាយ។ (ខ្ញុំតប)
ចូលដល់បន្ទប់ ឃើញម៉ាក់ចាប់ផ្តើមរៀបចំខោអាវដាក់ក្នុងវ៉ាលីសបណ្តើរៗ។
បងលក្ខបើកកញ្ចប់នំ។
ខ្ញុំមើលថង់ក្រដាសមួយទៀត។ គឺមានតែអ៊ូឡុងមួយកញ្ចប់ធំ។ ខ្ញុំលើកវាបង្ហាញប៉ាដែលឈរនៅក្បែរខ្ញុំ។ ប៉ានិយាយ៖
- គឺតែបញ្ចុះជាតិខ្លាញ់។
- ប៉ាទិញមែន? (ខ្ញុំសួរតិចៗ)
- គេទិញឱ្យប៉ា។ (ប៉ាខ្សឹបៗនៅក្បែរខ្ញុំ)
បងលក្ខ និងខ្ញុំបើកភ្នែកមូលក្រឡង់ដាក់ប៉ា។ ប៉ាសើច។
- នំដូចគ្នា ម៉េចចាំទិញដល់ទៅ២ធ្វើអី? (បងលក្ខសួរ)
- រសជាតិខុសគ្នា បងលក្ខ។ (ខ្ញុំតប)
- នេះគឺនំពងមាន់តៃវ៉ាន់តើ។ (បងលក្ខលើកនំមកមើល)
- បងលក្ខធ្លាប់ញ៉ាំមែន? (ខ្ញុំសួរ)
- អត់ដែលទេ តែបងឃើញគេលក់តាមអនឡាញ នៅស្រុកយើង។
- ពិតមែន?
បងលក្ខងក់ក្បាល ទាំងពមនំមួយដុំដាក់ក្នុងមាត់។
ខ្ញុំយកនំជូនយាយ និងម៉ាក់ដែរ។
- ឆ្ងាញ់ណាស់ ចៅ! នេះយាយចូលចិត្តអាមួយគ្មានក្លិនឈីស។ (យាយប្រាប់)
- រសជាតិម្យ៉ាងម្នាក់ទេ ម៉ែ។ ហើយអ្នកណាគេ ចេះទិញនំប្លែកៗអ៊ីចឹងមកញ៉ាំ? (ម៉ាក់សួរ)
- នាងលីន ម៉ាក់។ (បងលក្ខប្រាប់)
ខ្ញុំមើលមុខប៉ា រួចលៀនអណ្តាត។ ប៉ាញញឹម។
តាមពិត នំSponge Cakeនេះមានរសជាតិឆ្ងាញ់ប្លែកមួយបែបពីគ្នា សូម្បីតែត្រជាក់ហើយក៏ដោយ។ សាច់ម្សៅនំហោកៗ ហើយទន់ល្មើយ។ គ្រាន់តែដាក់ចូលក្នុងមាត់រលាយបាត់ ស្ទើរតែមិនបាច់ទំពា។ រូបរាងវាស្រដៀងនឹងនំប៉័ងសសរនៅស្រុកយើងដែរ តែខុសត្រង់វាធំ ហើយសាច់ម្សៅឡើងប៉ោងក្រពុំដូចនំពងទា។ ចំណែកក្លិនវាវិញឈ្ងុយនៅជាប់ដៃ ពេលយើងកាន់វាញ៉ាំ។ រសជាតិវាផ្អែមឡែមៗ។ ខ្ញុំចូលចិត្តរសជាតិឈីស។ ខ្ញុំញ៉ាំវាច្រើនជាងគេ។ ដោយសារនំដុំធំ ពួកយើងញ៉ាំមិនអស់ទេ។ យាយបានខ្ចប់វាទុកសម្រាប់ញ៉ាំនៅភ្នំពេញទៀត។
យាយ និងម៉ាក់ផ្តាំបងលក្ខ និងខ្ញុំឱ្យរៀបចំខោអាវ និងអីវ៉ាន់ មុនពេលពួកយើងទាំងពីរត្រលប់ទៅបន្ទប់។
ពេលមកដល់ក្នុងបន្ទប់វិញ ខ្ញុំមិនភ្លេចអួតបងលក្ខពីរឿងស្បែកជើងថ្មីរបស់ខ្ញុំឡើយ។
- ស្អាតទេ បងលក្ខ? (ខ្ញុំស៊កស្បែកជើងបណ្តើរ សួរបណ្តើរ)
- វ៉ាវ! (បងលក្ខលាន់មាត់) ឡើងសាហាវCrushនាងលីនឯង!
ខ្ញុំសើច រួចនិយាយ៖
- បងជីមនឹកឃើញម៉េច បានទិញស្បែកជើងហ្នឹងឱ្យខ្ញុំអ៊ីចឹង?
- សួរយើងមែន? (បងលក្ខនិយាយ)
ខ្ញុំងក់ក្បាល ទាំងដឹងចម្លើយមុន។
- យើងមិនដឹងទេ។ តោះឆាប់ជួយរៀបខោអាវគ្នា!
បងលក្ខប្រាប់បណ្តើរ រៀបខោអាវបណ្តើរ។
ខ្ញុំយកទូរស័ព្ទមកថតស្បែកជើង ដែលខ្ញុំកំពុងពាក់។ អៃ៎! មានសារជាច្រើន។ តិចលោបងជីមផ្ញើមក។ ខ្ញុំប្រញាប់ចុចមើល។ គឺសាររបស់គាត់មែន!
«លីនដល់សណ្ឋាគារវិញនៅ?»
«ញ៉ាំនំSponge Cake ហើយនៅ?»
«ឆ្ងាញ់ទេ?»
«លីនចូលចិត្តរសជាតិ១ណាជាង?»
ខ្ញុំតបសារម្តងមួយៗ ទាំងញញឹម។ បន្ទាប់មក ខ្ញុំផ្ញើរូបស្បែកជើងដែលខ្ញុំពាក់ថតអម្បាញ់មិញឱ្យបងជីម។ បងជីមReact រូបបេះដូងមួយ រួចគាត់ផ្ញើសារមកវិញ៖
«ចូលចិត្តស្បែកជើងហ្នឹងទេ?»
«ស្រលាញ់ណាស់!» (ខ្ញុំតប)
ពេលនោះដែរ បងជីមក៏ផ្ញើរូបជើងគាត់ពាក់ស្បែកជើងដែលមានម៉ាកដូចស្បែកជើងដែលគាត់ទិញឱ្យខ្ញុំបេះបិទ។ ខ្ញុំផ្ញើStickerភ្ញាក់ផ្អើលឱ្យគាត់។ គាត់ផ្ញើStickerសើច រួចប្រាប់៖
«គឺជាស្បែកជើងសម្រាប់Couple ឃើញម៉ូតស្អាត ហើយចុះតម្លៃរហូតដល់ទៅ៥០%ទៀត»
គ្រាន់តែឮពាក្យCouple ខ្ញុំរំភើបចង់ហោះ។
«អ៊ីចឹងខ្ញុំមិនហ៊ានពាក់ទេ» (ខ្ញុំតប)
«ហេតុអី?» (បងជីមសួរ)
«ខ្លាចខូច ខ្ញុំទុកពាក់ថ្ងៃតែពិសេសប៉ុណ្ណោះ»
«ថ្ងៃណា?»
'"Valentine’s Day"
បងជីមផ្ញើStickerបេះដូងដ៏ធំមួយឱ្យខ្ញុំ។
ជប់ ជប់... ខ្ញុំបូញមាត់ថើបទូរស័ព្ទតែម្នាក់ឯង។
«លីនឆាប់ចូលគេងទៅ ព្រោះស្អែកព្រឹកត្រូវត្រលប់ទៅវិញផង។»
«ចុះស្អែក បងជីមទៅធ្វើការអត់?»
«ទៅ។ ពេលលីនទៅដល់ភ្នំពេញវិញ កុំភ្លេចផ្ញើសារប្រាប់ខ្ញុំផង។»
«ចាស។ បងជីម កុំភ្លេចឈែតមកលេងខ្ញុំផង។»
«បាទ។ រាត្រីសួស្តី លីន!»
«រាត្រីសួស្តី បង!»
- នៅស្វ៊ីតហ្នឹងហើយ! (បងលក្ខឱនមកស្រែកដាក់ត្រចៀកខ្ញុំ)
ខ្ញុំភ្ញាក់ព្រើតនឹងសំឡេងបងលក្ខ។
- នែ៎! ឱ្យយើងសុំមើលឈែតឯងបន្តិចមើល៍ នាងលីន។ (បងលក្ខនិយាយទាំងឆក់យកទូរស័ព្ទពីខ្ញុំ)
ខ្ញុំហួសចិត្តនឹងបងស្រីខ្ញុំ តែខ្ញុំបណ្តោយឱ្យគាត់មើល ហើយក៏ទៅរៀបចំអីវ៉ែអីវ៉ាន់ញាត់ចូលក្នុងវ៉ាលីស។
- មើលរួចហើយ កុំភ្លេចដោតថ្មឱ្យផង។ (ខ្ញុំផ្តាំបងលក្ខ)
- យីនាងនេះ ប្រើយើងរហូតតែម្តង។ (បងលក្ខរអ៊ូ)
ក្រោយពីរៀបចំវ៉ាលីសរួចរាល់ ខ្ញុំដើរទៅមើលបង្អួច រួចលាត់វាំងននចេញបន្តិច។ នៅខាងក្រៅ មេឃកំពុងភ្លៀងស្រិចៗ។ ស្លឹកឈើបក់វីវាត់តាមកម្លាំងខ្យល់។
- មេឃភ្លៀង ហើយខ្យល់ទៀត បងលក្ខ។ (ខ្ញុំនិយាយ)
- តោះដេកទៅ បងងងុយហើយ។
និយាយរួច បងលក្ខចូលសំងំក្នុងភួយបាត់។
ខ្ញុំឈរមើលទឹកភ្លៀងដែលកំពុងស្រក់នៅឡើយ។
ពេលនោះ ស្រាប់តែខ្ញុំនឹកចង់ច្រៀង៖
- មេឃកំពុងភ្លៀងហើយ បងអើយតើរងាទេ? គ្មានអូននៅក្បែរ តើមាសមេរងាទេថ្លៃ...
ដោយសារអត់ចេះច្រៀងបន្តទៀត ខ្ញុំក៏ច្រៀងតែពីរឃ្លានេះ ច្រៀងទៅច្រៀងមក ទាល់តែបងលក្ខស្រែកឡុលៗពីក្នុងភួយមក៖
- ឈប់លូទៅ នាងលីន ថ្លង់ណាស់!
- បទគេពីរោះសឹងអី... មេឃកំពុងភ្លៀងហើយ បងអើយ...
- បានហើយ បងគប់រយះក្បាលឥឡូវ (បងលក្ខស្រែកទាំងបើកភួយ រួចលើកខ្នើយប្រុងគប់ខ្ញុំមែនទែន)
- អូខេ។
ខ្ញុំដើរតយង៉យទៅបន្ថយពន្លឺអំពូល រួចចូលទៅសំងំក្នុងភួយដ៏កក់ក្តៅ។
បបូរមាត់ខ្ញុំញញឹម នៅពេលសំឡេងរបស់បងជីមបានលាន់រងំក្នុងត្រចៀករបស់ខ្ញុំ ពេលដែលចួបគាត់ដំបូង “Be careful your head. Be careful your step. It slips. You’re welcome”។
«សូមឱ្យខ្ញុំយល់សប្នឃើញបងជីមរបស់ខ្ញុំផង លោកតាតៃប៉ិ!»
ពេលគិតដល់ពាក្យលោកតាតៃប៉ិ
ខ្ញុំក៏នឹកឃើញពាក្យយាយដែលតែងប្រាប់ពួកយើងថា «រាល់ពេលមុនចូលគេង ពួកចៅត្រូវសំពះបីដង ដើម្បីសុំសេចក្តីសុខពីម្ចាស់ទីកន្លែងដែលយើងស្នាក់នៅ»។
ដោយសារយប់នេះជាយប់ចុងក្រោយដែលពួកខ្ញុំត្រូវស្នាក់នៅផង ខ្ញុំក៏សំពះជំនាងបន្ទប់នៅសណ្ឋាគារតាមបណ្តាំយាយបីដង រួចផ្សងអូចៗក្នុងចិត្តសុំឱ្យឃើញបងជីម ក្នុងយល់សប្ន។
កំពុងសមាធិចិត្ត ស្រាប់តែបងលក្ខនិយាយឈែតឡូងៗជាមួយពួកម៉ាកតាមTelegram។
ខ្ញុំទាញភួយមកគ្របជិតក្បាល ដើម្បីកុំឱ្យឮសំឡេងសារបងលក្ខ និងពួកម៉ាកគាត់។
ខ្ញុំខំធ្មេចភ្នែក រួចប្រឹងប្រមូលអារម្មណ៍ឱ្យមូល ដើម្បីឱ្យនឹកឃើញតែបងជីមម្នាក់ប៉ុណ្ណោះ...
ខ្ញុំបើកមើលហ្វេសប៊ុក ស្រាប់តែបងជីមផ្ញើសារមក៖
«លីន ចង់ទៅលេងអគារ១០១ទេ?»
«បងទំនេរមែន?» (ខ្ញុំតបភ្លាម)
«បាទ។»
«បងជីមល្អជាងគេ។»
«អ៊ីចឹងពេលខ្ញុំទៅដល់ លីនចុះមក។»
«ចាស»
ខ្ញុំចាំសាររបស់បងជីម។ ប៉ុន្តែចាំបាត់ ចាំបាត់... រហូតទាល់តែខ្ញុំឈឺនោមចង់លេច។
ខ្ញុំដាច់ចិត្តក្រោកចេញពីទូរស័ព្ទទាំងស្តាយ។ ប៉ុន្តែបងលក្ខនៅក្នុងបន្ទប់ទឹកនោះ។ ខ្ញុំចាំគាត់ទាំងប្រឹងត្បៀតជើងទាំងពីរ។ អូ៎យ! ខ្ញុំលេចដាក់ខោឥឡូវហើយ។
ខ្ញុំប្រញាប់បើកទ្វារបន្ទប់ ហើយហក់សំដៅទៅបន្ទប់ប៉ាម៉ាក់ដែលនៅជាប់នឹងបន្ទប់ខ្ញុំ។
ខ្ញុំគោះទ្វារផង ហៅប៉ាម៉ាក់ផង តែគាត់មិនព្រមបើកទ្វារឱ្យសោះ។
ពិតជាទ្រាំលែងបានទៀតហើយ ដៃខ្ញុំឡើងព្រឺកន្ទួលនៅលើស្បែក ខ្ញុំក៏ស្រែកចំទាល៖
- ម៉ាក់! បើកទ្វារឱ្យលឿន...
- អាលីន អាលីន!
បងលក្ខអង្រួនស្មាខ្ញុំខ្លាំងៗ។ ខ្ញុំភ្ញាក់ស្ទុះឡើង។ ខ្ញុំចង់លេចនោមមែនទែន។ បងលក្ខសួរទាំងបារម្ភ៖
- វាថីឯងបានស្រែកហៅម៉ាក់?
- អឺ ខ្ញុំទៅបន្ទប់ទឹកសិន។
ខ្ញុំបោលចូលទៅសំងំយ៉ាងយូរគួរសមក្នុងបន្ទប់ទឹក ព្រោះឈឺខ្លាំងពេក ក៏ទៅជានោមចេញច្រូចៗ។
រួចរាល់ហើយ ខ្ញុំចេញមកក្រៅ ហើយប្រាប់បងលក្ខតាមដំណើររឿង។ បងលក្ខនិយាយទាំងគ្រវីក្បាល៖
- ឯងនេះឆ្កួតកែលែងឡើងហើយ។
- ហ៊ឺយ ស្តាយដល់ហើយ (ខ្ញុំនិយាយបណ្តើរ ដើរទៅអើតមើលបង្អួចបណ្តើរ) កុំតែនោមដេញ កុំអីបានដើរលេងជាមួយបងជីមបាត់។
នៅខាងក្រៅ មេឃនៅតែភ្លៀងរលឹម និងខ្យល់ដដែល។
- ដេកទៅ តិចស្អែកឱ្យបងដាស់ទៀត! (បងលក្ខប្រាប់)
- បងលក្ខ?
- ថី?
- ជួយខ្ញុំបន្តិចបានទេ? ខ្ញុំចង់ត្រលប់ពូក។
- អ្ហះ! ស្អីឯង?
- បងឯងធ្លាប់អានរឿង ក្មេងវត្តសម័យបារាំង ទេ?
- ហើយរឿងនោះទាក់ទងអីនឹងឯង?
- គឺលោកតាជុតខៃសរសេរថា បើយល់សប្នឃើញមនុស្សយើងស្រលាញ់ ត្រូវភ្ញាក់ឡើងត្រលប់កន្ទេល នោះអ្នកម្ខាងទៀត គេនឹងយល់សប្តិឃើញយើងវិញហើយ។
- អឺ ចង់ត្រលប់អីត្រលប់ម្នាក់ឯងទៅ។
- បងលក្ខ?
- ស៊ូច! បងដេកហើយ កុំរំខាន។
ស្អប់បងស្រីរបស់ខ្ញុំណាស់ មិនដែលចេះជួយអីដល់ប្អូនសោះ។
ខ្ញុំនៅទ្រឹងមួយសន្ទុះ រួចក៏សម្រេចចិត្តថាត្រលប់ត្រឹមខ្នើយទៅចុះ។
ខ្ញុំផ្សង សូមឱ្យយល់សប្នឃើញបងជីមបន្តទៀត។
0 Comments