Crushបង 5

Crushបង 5
©អត្ថបទដោយ ហេង ដារី 
©រចនាអក្សរចំណងជើងដោយ ឆាន់ វុត្ថា 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

Crushបង 5
Crushបង 5

ម៉ោងមិនទាន់បួនព្រឹកស្រួលបួលផង បងលក្ខទាញខ្ញុំទម្លាក់ពីលើគ្រែពាក់កណ្តាលខ្លួន។ 
ខ្ញុំភ្ញាក់ទាំងក្តៅក្រហាយ។ អ្ហឺយ! មេរំខានជាងស្អីទៅទៀត បងលក្ខនេះ! 
ខ្ញុំលូនឡើងលើគ្រែវិញទាំងមួម៉ៅ។ ខ្ញុំយកបាតដៃជូតទឹកមាត់ដែលនៅសើមៗប្រឡាក់ជាប់ថ្ពាល់។ 
ខ្ញុំយកដៃមកហិត។ អឹស ក្លិនទឹកត្រីជាគ្នា។ 

ម៉ោងបួនកន្លះ ក្រុមពួកយើងបានមកជួបជុំគ្នានៅតុអាហារ នៅសណ្ឋាគារ។ នេះជាការចួបជុំគ្នាចុងក្រោយនៃក្រុមអ្នកទេសចរណ៍ ដែលមកលេងតៃវ៉ាន់នេះ។ 
បន្ទាប់ពីអាហារពេលព្រឹករួច ពួកយើងត្រូវចេញដំណើរទៅព្រលានយន្តហោះ។ 

នៅលើយន្តហោះ ខ្ញុំអង្គុយនៅស្ងៀមទ្រឹង ដូចមនុស្សគ្មានបេះដូង។ 
មែន! បេះដូងខ្ញុំបានទុកនៅក្រុងតៃប៉ិនេះហើយ។ ខ្ញុំទៅតែសម្បកខ្លួនទេ។ ខ្ញុំសម្លឹងមើលមេឃដែលធំល្វឹងល្វើយពេញទៅដោយពពកពណ៌ប្រផេះ។ 
បុពេសន្និវាសអីក៏ធ្វើស៊ីផ្លូវចិត្តខ្ញុំខ្លាំងម្ល៉េះ។ សុខៗហេតុអីក៏ឱ្យខ្ញុំមកចួបCrush ដែលនៅឆ្ងាយអីឆ្ងាយយ៉ាងនេះ។ ចួបហើយ ម៉េចក៏មិនទុកជាការលេងសើចទៅ។ ហេតុអី្វក៏ចាំបាច់កើតទុក្ខដូចមែនទែនធ្វើអី? នេះមិនដឹងថា បងជីមនឹកខ្ញុំវិញឬអត់ទេ។ 
ហើយខ្ញុំចេះតែមកអង្គុយកើតទុក្ខម្នាក់ឯងទៅកើត។ ប៉ុន្តែគេថា Crushអ្នកណាម្នាក់មិនចាំបាច់មានហេតុផលស្អីទេ មែនអត់? ដូច្នេះខ្ញុំនៅតែសង្ឃឹមជានិច្ចថា ខ្ញុំនឹងអាចចួបCrushរបស់ខ្ញុំទៀត។ 
ឆ្ងាយអីប៉ុណ្ណេះ ជិះយន្តហោះតែជាងប្រាំម៉ោងប៉ុណ្ណោះទៅដល់បាត់ហើយ។ ខ្ញុំអាចហោះទៅហោះមកបានតើ។ សំខាន់ឱ្យតែខ្ញុំមានលុយទិញសំបុត្រយន្តហោះ។ ប៉ុន្តែឥឡូវខ្ញុំទើបតែរៀនថ្នាក់ទី១២ហ្នឹង តើខ្ញុំបានលុយមកពីណាទៅ? 
“Do you want to build a snow man?” (បងលក្ខច្រៀងតិចៗក្បែរត្រចៀកខ្ញុំ) 
“No, just to see my crush” (ខ្ញុំតបវិញតិចៗ) 
“Okay, bye…” 
បងលក្ខច្រៀងបណ្តើរ យកកាសម្ខាងមកញ៉ុកត្រចៀកខ្ញុំបណ្តើរ។ 
ខ្ញុំបិទភ្នែក រួចប្រឹងប្រមូលអារម្មណ៍តាមបទចម្រៀងដែលមានចំណងជើងថា «Do you wanna build a snowman?» ក្នុងរឿង Frozen។ 
ពីរនាក់បងប្អូនខ្ញុំចូលចិត្តមើលរឿង និងស្តាប់ចម្រៀងក្នុងរឿងនេះណាស់។ ហើយពេលខ្លះ បងលក្ខតាំងខ្លួនជាElsa ហើយខ្ញុំជាAnnaទៀតផង។ 
ពួកយើងស្តាប់សាចុះសាឡើងបទដដែលៗនេះ រហូតដល់ព្រលានយន្តហោះភ្នំពេញ។ 

នៅម៉ោងប្រមាណបីរសៀល ទើបពួកយើងមកដល់ផ្ទះវិញដោយសុវត្ថិភាព។ 
ដើរចោលផ្ទះប្រាំយប់ប្រាំមួយថ្ងៃ ផ្ទះសុទ្ធតែដី និងធូលីគ្រប់ទីកន្លែង។ 
មកដល់ផ្ទះវិញ ខ្ញុំគួរតែបានឡើងទៅប្រះខ្លួនភីងនៅលើពូក។ ប៉ុន្តែមានឯណា យាយបបួលបងលក្ខ និងខ្ញុំបើកយុទ្ធនាការបោសជូតសម្អាតផ្ទះ។ 
ឯប៉ាវិញជូនម៉ាក់ទៅផ្សាររកទិញម្ហូបសម្រាប់ពេលល្ងាច។ ឱ្យតែទៅដើរលេងម្តងណា មកផ្ទះវិញដឹងតែទ្រមខ្លួនគ្រប់គ្នា។ 
បង្អែមលាងមាត់ល្ងាចនេះ គឺនំSponge Cake ដែលសល់ពីតៃប៉ិ មកញ៉ាំម្នាក់មួយដុំៗ។ រសជាតិវាកាន់តែឆ្ងាញ់ជាងមុន ពេលបានក្លាសេត្រជាក់ៗដូច្នេះ។ 

ពេលបាយល្ងាចរួច ខ្ញុំប្រញាប់ឡើងទៅបន្ទប់គេង។ ខ្ញុំបើកទូរស័ព្ទ ដើម្បីផ្ញើសារឱ្យបងជីម។ ប៉ុន្តែបងជីមផ្ញើសារមកសួរមុន៖ 
«លីនដល់ផ្ទះម៉ោងប៉ុន្មាន?» 
«លីនញ៉ាំបាយហើយឬនៅ?» 
ខ្ញុំតបសារទាំងញញឹម។ ពេលនោះ បងជីមក៏ផ្ញើសារមកថែមទៀត៖ 
«លីន បបូរមាត់យ៉ាងម៉េចហើយ?» 
«លែងសូវឈឺដូចមុនទៀតហើយ បង» (ខ្ញុំតបសារ ទាំងយកម្រាមដៃអង្អែលបបូរមាត់) 
«នៅភ្នំពេញម៉ោងប៉ុន្មានហើយ?» 
«ម៉ោង៧ល្ងាចហើយ បង» 
«នៅតៃប៉ិម៉ោង៨ហើយ» 
«បងជីម យប់មិញ ខ្ញុំយល់សប្នឃើញបង។» 
«ពិតមែនឬ លីន? ហើយឃើញយ៉ាងម៉េចខ្លះ?» 
ខ្ញុំរៀបរាប់ដោយផ្ញើសំឡេងឱ្យបងជីម ព្រោះខ្ជិលសរសេរអក្សរ។ បងជីមសើច។ ខ្ញុំខំបញ្ជាក់៖
 «ពិតមែនណ៎ា បងជីម» 
«ខ្ញុំជឿលីនតើ» 
ខ្ញុំញញឹម ពេលឮបងជីមប្រាប់ថាជឿ។ បងជីមសួរបន្ត៖ 
«លីន តើពាក្យ«បង»មានន័យថាម៉េច?» 
គាត់ឆ្ងល់ ពេលឃើញខ្ញុំតែងសសេរក្នុងសារហៅគាត់ថា«Bang Bang»។ 
«ពាក្យនេះសម្រាប់ហៅអ្នកដែលមានអាយុច្រើនជាងខ្លួន។» 
«ម៉េចក៏លីនដឹងថា ខ្ញុំចាស់ជាង។ ថាមិនត្រូវខ្ញុំអាយុប្អូនលីនផង ហាស ហាស ហាស...» 
«អ៊ីចឹងបងជីមអាយុប៉ុន្មាន?» 
«២៦ ចុះលីនវិញ?» 
«ខ្ញុំ២៧ ដក ១០» 
«ហ្ន៎! ឃើញអត់ថា លីនបងខ្ញុំបងមែន ហាស ហាស ហាស...» 
ខ្ញុំផ្ញើStickerខឹងឱ្យបងជីម។ បងជីមផ្ញើរូបសើចមកវិញ។ 
«ចុះពាក្យផ្ទុយនឹងបង គេហៅអី ភាសាខ្មែរ?» (បងជីមសួរ) 
«អូន» 
ពេលនោះ បងជីមផ្ញើសារសំឡេងហៅខ្ញុំថា៖
«អួន អួន...» 
ខ្ញុំសើច រួចឱ្យគាត់ហាត់ថាតាមខ្ញុំឱ្យបានត្រូវ។ ពួកយើងឈែតរកគ្នាមួយសន្ទុះ ទើបឈប់។ 

បន្ទាប់មក ខ្ញុំឈែតរកសូម៉ា ដើម្បីសួរនាំរឿងរៀនសូត្រនៅព្រឹកស្អែក។ ត្រលប់មកពីដើរលេងវិញ នៅថ្ងៃបន្ទាប់ ខ្ញុំត្រូវទៅរៀនវិញហើយ។ 
ដោយសារឆ្នាំនេះជាឆ្នាំប្រលង ដូចនេះខ្ញុំមិនអាចរៀនលំៗបានទេ។ នៅសាលា ខ្ញុំរៀនពីម៉ោងប្រាំពីរព្រឹករហូតដល់ម៉ោងបួនរសៀល ហើយសម្រាកបានពីរម៉ោង នៅម៉ោងថ្ងៃត្រង់ ដើម្បីញ៉ាំបាយ។ 
ពេលរៀននៅសាលារដ្ឋចប់ ខ្ញុំនៅឆ្លៀតទៅរៀនអង់គ្លេសបន្ថែមទៀត។ រាល់ថ្ងៃ រៀននៅក្នុងថ្នាក់ផង កិច្ចការគ្រូដាក់ឱ្យផង ខ្ញុំស្ទើរតែលូនទៅហើយ។ យប់ឡើង ម៉ោងដប់យ៉ាងយូរ ទើបខ្ញុំអាចបង្ហើយកិច្ចការនៅសាលាបាន។ យប់ខ្លះ ខ្ញុំបើកភ្នែកមិនចង់រួចទេ។ 
មាត់វិញស្ងាបចង់រហែកដល់គុម្ពត្រចៀក។ គ្រាន់តែដាក់ក្បាលដល់ខ្នើយគឺលក់ស្តូកស្តឹងដូចគេងាប់។ 
ខ្ញុំមិនដែលបានក្រោកពីម៉ោងប្រាំព្រឹក ដើម្បីមើល ឬទន្ទេញមេរៀនអីទេ។ ខ្ញុំបារម្ភរឿងមេរៀនដែរ ទោះបីខ្ញុំពូកែខាងវិទ្យាសាស្រ្តយ៉ាងណាក៏ដោយ។ 

ហត់ប៉ុណ្ណឹងហើយ ខ្ញុំនៅតែមិនភ្លេចឈែតជាមួយ​បងជីម។ យ៉ាងហោចណាស់ ក៏ពួកយើងបានផ្ញើពាក្យ «សួស្តី» និង «រាត្រីសួស្តី»ឱ្យគ្នាទៅវិញទៅមកជាប្រចាំដែរ។ 
នេះហើយកម្លាំងចិត្តដែលខ្ញុំមានរាល់ថ្ងៃ បន្ថែមពីលើក្តីស្រលាញ់របស់គ្រួសារខ្ញុំមួយផ្នែកទៀត។ 
ការពិតទៅ ខ្ញុំប្រឹងរៀនរាល់ថ្ងៃមិនថាប្រលងបាក់ឌុប ឬអង់គ្លេសនោះទេ គឺប្រឹងដើម្បីបានទៅចួប​បងជីមនៅតៃវ៉ាន់។ បងជីមមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែខ្ញុំដាក់គោលដៅរួចហើយថា ត្រូវតែទៅ​រកCrushខ្ញុំឱ្យទាល់តែបាន។ ខ្ញុំមានតែប្រឹងរៀនមួយមុខប៉ុណ្ណោះ ដើម្បីបានអាហារូបករណ៍ទៅតៃវ៉ាន់ ទៅចួបបងជីមនៅតៃប៉ិ ហេសហេ... 
ខ្ញុំមានគម្រោងរៀនភាសាចិនមួយទៀត ប៉ុន្តែម៉ាក់ជំទាស់ ដោយសារតែមួយថ្ងៃៗ ខ្ញុំគ្មានពេលនៅផ្ទះឱ្យគាត់បានឃើញមុខខ្ញុំលើសពីមួយម៉ោងទេ។ 

ល្ងាចថ្ងៃសុក្រមួយ ក្រោយពេលបាយរួច ពួកយើងចួបជុំគ្នា នៅសាឡុងទទួលភ្ញៀវ។ 
- ម៉ាក់ ខ្ញុំចង់រៀនភាសាចិន នៅថ្ងៃអាទិត្យ។ (ខ្ញុំប្រឹងនិយាយបញ្ចុះបញ្ចូលម៉ាក់) 
- ចាំផុតឆ្នាំប្រលង ចាំរៀនអីក៏រៀនទៅ លីន។ (ម៉ាក់ប្រាប់) 
- ហួសពេលបាត់ហើយ ម៉ាក់។ 
- ហើយឯងប្រញាប់រៀនទៅណា? (ម៉ាក់សួរ) 
- ទៅតៃវ៉ាន់។ (បងលក្ខនិយាយ) 
- អ្ហះ? ទៅណា? (ម៉ាក់ និងយាយឧទានឡើងព្រមគ្នា) 
- កូនលីន គេចង់ទៅរៀនបន្តនៅតៃវ៉ាន់។ អ៊ីចឹងហើយ ទើបគេចង់រៀនភាសាចិននោះ។ (ប៉ានិយាយ) 
- ម៉េចក៏ឯងមិនទៅរៀនបន្តនៅអឺរ៉ុប ឬអាម៉េរិកអីទៅ លីន! (ម៉ាក់ឱ្យយោបល់) 
- អត់ទេ ម៉ាក់។ ខ្ញុំរៀនត្រឹមនៅអាស៊ីដូចគ្នាបានហើយ។ 
- រៀននៅអាស៊ី ក៏ឯងគួររើសយកជប៉ុនអីទៅ។ 
- តែខ្ញុំចូលចិត្តតៃវ៉ាន់ ម៉ាក់។ 
- ចូលចិត្តមិនមែនមានន័យថា ឯងត្រូវទៅរៀនចិនដែរ។ (ម៉ាក់តបទាំងមិនពេញចិត្ត) 
- ណ្ហើយ! ម៉ាក់អាលក្ខ ឱ្យកូនលីនរៀនភាសាចិនមួយទៀតទៅ ចេះភាសាច្រើនគឺកាន់តែល្អសម្រាប់កូនយើងទេ។ (ប៉ាពន្យល់ម៉ាក់) 
- តែខ្ញុំខ្លាចកូនយើងវាឆ្កួត បើម្ង៉ៃៗរៀនគ្មានពេលសម្រាកសោះអ៊ីចឹងនោះ។ (ម៉ាក់និយាយ) 
- គេរកតែកូនសុំរៀន ហើយឯងទៅជំទាស់កូនធ្វើអីអ្ហះ ណាស៊ី! (យាយបញ្ចេញមតិ) 
- អ៊ីចឹងស្អែក បងលក្ខជួយរកកន្លែងរៀនចិនជាមួយខ្ញុំ។ (ខ្ញុំបបួលបងលក្ខ) 
- ហើយកូនលក្ខរៀនដែរ? (ប៉ាសួរ) 
- អត់ទេ ប៉ា។ រៀនអីផ្សេងបាន តែរៀនចិនចប់បណ្តោយ។ (បងលក្ខតប) 
- ហេតុអីបងលក្ខ? (ខ្ញុំសួរ) 
- គឺពិបាកសរសេរអក្សរហ្នឹងហើយ។ (បងលក្ខតប) 
ទីបំផុតម៉ាក់នៅស្ងៀម។ នៅស្ងៀមមានន័យថាយល់ព្រម។ ខ្ញុំញញឹមពេញចិត្តនឹងបំណងដែលខ្ញុំប៉ង កាន់តែខិតជិតបន្តិចម្តងៗហើយ។ 

យប់នេះ ខ្ញុំឈែតជាមួយបងជីម៖ 
«បងជីម?» 
«បាទ!» 
ឃើញបងជីមតបសារភ្លាមៗ ខ្ញុំញញឹមខ្ជឹប។ 
«បងកំពុងធ្វើអី?» 
«ឈែតជាមួយលីន» 
«ដឹងហើយ តែបងនៅឯណា?» 
«ចាំបងខលវីដេអូទៅ» 
«អូខេ» 
ឮថាខលវីដេអូ ខ្ញុំប្រញាប់ប្រមូលខោអាវដែលនៅរប៉ាត់រប៉ាយនៅលើគ្រែ និងកៅអីសាឡុង ទៅព្យួររៀបចំឱ្យមានសណ្តាប់ធ្នាប់។ 
បន្ទប់គេងខ្ញុំ មួយអាទិត្យទើបខ្ញុំរៀបចំ និងបោសជូតម្តង។ មានតែបន្ទប់ទឹកទេ ដែលខ្ញុំដុសសម្អាតរាល់ល្ងាច ពេលខ្ញុំងូតទឹក។ ខ្ញុំរៀបខ្នើយដាក់ឱ្យមានរបៀបរៀបរយបន្តិច។ 
ចុងក្រោយ ខ្ញុំមិនភ្លេចលើកសក់ចងឱ្យរៀបរយ។ បងជីមខលមកដាច់ពីរបីដង។ 
គាត់ខលមកម្តងទៀត ហើយខ្ញុំក៏ចុចទទួលបានសម្រេច។ 
ដំបូង ខ្ញុំចង់ភ្ញាក់ពេលឃើញមុខបងជីមឡើងពេញអេក្រង់ទូរស័ព្ទ។ បងជីមសើច រួចបង្វិលទូរស័ព្ទថតបង្ហាញ។ 
«ឃើញអត់ថា ខ្ញុំនៅកន្លែងណា?» 
ខ្ញុំប្រឹងសម្លឹង រួចតប៖ 
«បន្ទប់ហ្នឹងនៅឯណា?» 
«បើនៅក្នុងបន្ទប់ណាផ្សេង ខ្ញុំមិនខលវីដេអូទៅរកលីនទេ» 
ខ្ញុំនៅស្ងៀមទ្រឹង ប្រឹងគិតន័យដែលបងជីមនិយាយមួយសន្ទុះ។ ពេលនោះ បងជីមសួរបន្ត៖ 
«លីននៅឯណាដែរ?» 
«នៅក្នុងបន្ទប់ដូចបងឯងដែរ។» 
បងជីមសើច។ ខ្ញុំសួរបន្ត៖ 
«ខ្ញុំសុំមើលបន្ទប់គេងបងបន្តិចមើល?» 
ពេលនោះ បងជីមទាញទូរស័ព្ទទៅថតបង្ហាញបន្ទប់ទាំងមូលរបស់គាត់ឱ្យខ្ញុំមើល។ មើលទៅបន្ទប់​បងជីម​ដូចជាទូលាយ និងមានសណ្តាប់ធ្នាប់ជាងបន្ទប់ខ្ញុំ។ 
បន្ទាប់មក បងជីមបើកទ្វារចេញទៅថតខាងក្រៅបន្ទប់គេងរបស់គាត់ ប៉ុន្តែស្ថិតនៅក្នុងផ្ទះដដែល។ បន្ទប់ទទួលភ្ញៀវ បន្ទប់បាយ បន្ទប់ទឹកគឺថាស្អាតភ្លឹង។ 
«ប៉ាម៉ាក់បងជីមនៅឯណា?» (ខ្ញុំសួរ ពេលឃើញផ្ទះគាត់ឥតមានមនុស្ស) 
«ពួកគាត់នៅអាលីសាន» (បងជីមតប) 
«ពួកគាត់ទៅលេងទីនោះឬ?» 
«អត់ទេ។ ផ្ទះពួកគាត់នៅទីនោះ។» 
«អា៎អ៊ីចឹង បងអ្នកស្រុកអាលីសានមែន?» 
«បាទ។» 
«បងអ្នកស្រុកអាលីសានអ៊ីចឹង បានស្អាត។» 
«ហាស ហាស ហាស... ហើយលីនដឹងមកពីណា ថាអ្នកអាលីសានស្អាតនោះ?» 
«គឺGuideប្រាប់ ពេលដែលខ្ញុំទៅលេងចម្ការតែ នៅអាលីសាន។ ម៉ាក់បងជីមប្រហែលជាស្រីស្អាតហើយ មើលទៅ។» 
«ត្រូវហើយ ព្រោះគាត់កូនកាត់ប៉ទុយហ្កាល់» 
«អ៊ីចឹងជីតាបងជីម ជនជាតិប៉ទុយហ្កាល់មែនទេ?» 
«បាទ។» 
«ក្រមួនលាបមាត់ប្រេះ និងប្រេងតែលាបស្បែកជារបស់អ្នកអាលីសានដែរមែនទេ?» 
«បាទ។ ជាទូទៅ អ្នកអាលីសានតែងយករុក្ខជាតិតែទៅចម្រាញ់ធ្វើគ្រឿងសម្អាងសម្រាប់ថែរក្សាស្បែក។»
ខ្ញុំងក់ក្បាលផ្ងក់ៗ រួចសួរបន្ត៖ 
«សុំមើលរូបម៉ាក់ប៉ាបងជីមបន្តិចមើល!» 
«ចាំខ្ញុំផ្ញើរូបពួកគាត់ឱ្យ។» 
«ហើយបងជីមនៅតៃប៉ិនេះតែម្នាក់ឯងទេ?» 
«បាទ។» 
«បងជីម សុំសួរមួយបានអត់?» 
«អូខេ បើលើសពីមួយ ខ្ញុំលែងឆ្លើយហើយណា៎» 
«អត់ទេ ខ្ញុំសួរច្រើន។» 
«ហាស ហាស ហាស... ឆាប់សួរមក គេចាំឆ្លើយ។» 
«បងជីមមានបងប្អូនប៉ុន្មាននាក់? ហើយបងកូនទីប៉ុន្មានដែរ?» 
«២នាក់។ បងស្រីម្នាក់ និងខ្ញុំម្នាក់។» 
«បងឯងកូនពៅដូចខ្ញុំដែរ។ ហើយបងស្រីបងជីមនៅឯណា?» 
«បងស្រីខ្ញុំលក់ស្បែកជើង នៅផ្សារស៊ីមិនទីង។» 
«ហាងដែលបងណាត់ចួបខ្ញុំហ្នឹងមែន?» 
«បាទ។ ហើយលីនចង់ដឹងរឿងអីទៀតទេ?» 
«បងស្រីនៅជាមួយបងជីមមែន?» 
«អត់ទេ។ គាត់រៀបការហើយ នៅជាមួយប្តីនិងកូនរបស់គាត់។» 
ខ្ញុំនៅទ្រឹងបន្តិច រកគិតថាត្រូវសួរអីបន្តទៀត។ 
«លីន?» (បងជីមហៅ) 
«ចាស។» 
«អស់សំណួរនៅ?» 
«នៅ។ បងជីមមានGFហើយឬនៅ?» (ពេលសួរទាក់ទងរឿងនេះ ខ្ញុំរាងរអើលៗ) អឺ... មិនបាច់ប្រាប់ក៏បានដែរ។» 
«GF? GFហ្នឹងអីគេ?» (បងជីមសួរទាំងមុខឆ្ងល់) 
«គឺ... សង្សារ។» 
«អូ៎! ធ្លាប់មាន។» 
ខ្ញុំរាងស្រងាកចិត្តពេលឮចម្លើយបងជីម។ ប៉ុន្តែខ្ញុំសួរបន្ត៖ 
«ចុះឥឡូវនៅមានទៀតទេ?» 
«អត់មានទេ។» 
«ពិតមែន?» 
បងជីមងក់ក្បាល រួចលើកម្រាមដៃបួនបង្ហាញ។ ខ្ញុំធ្វើមុខឡិងឡង់សម្លឹងមុខគាត់ថ្មែ ទាំងមិនយល់។ បងជីមសើច។ ហេតុអីក៏មិនថា«កំពុងមានខ្ញុំ» ខ្ញុំគិត។ ពេលនោះ បងជីមនិយាយបន្ត៖ 
«មានអីសួរទៀតទេ កូនក្មេង?» 
មួយម៉ាត់ក្មេង ពីរម៉ាត់ក្មេង តិចខ្ញុំឈប់និយាយរកឥឡូវ។ 
«បងជាប៉ូលីស?» (ខ្ញុំសួរបន្ត) 
«បាទ។» 
«ប៉ូលីសផ្នែកអី? ធ្វើការនៅកន្លែងណាដែរ?» (ខ្ញុំសួរធ្វើមើលតែខ្ញុំស្គាល់ក្រុងតៃប៉ិច្បាស់អ៊ីចឹង) 
«ប៉ូលីសចរាចរណ៍ ទីស្នាក់ការរបស់ខ្ញុំនៅម្តុំផ្លូវSifen Old Street។» 
«នៅជិតផ្លូវដែលខ្ញុំបានចួបបងដំបូងមែន?» 
«បាទ។» 
«បងជីមចេញធ្វើការយូរហើយ?» 
«ជាងប្រាំឆ្នាំហើយ។» 
«ឥឡូវ បងនៅរៀនបន្តដែរទេ?» 
«គិតថារៀនចប់ត្រឹមMaster សាលាប៉ូលីសហ្នឹងបានហើយ។» 
ខ្ញុំងក់ក្បាលផ្ងក់ៗ។ អ្ហឺយ! បងជីមរៀនចប់ថ្នាក់អនុបណ្ឌិត រួចមានការងារធ្វើទៀត។ ចំណែកខ្ញុំវិញ 
នៅរៀនថ្នាក់វិទ្យាល័យនៅឡើយ។ 
ពេលនោះ បងជីមឡើងទៅបន្ទប់គាត់បណ្តើរ និយាយបណ្តើរ៖ 
«ម៉េចក៏បាត់មាត់ហើយ លីន?» 
ខ្ញុំបើកភ្នែកភ្លឹះៗសម្លឹងមើ់លបងជីម ទាំងរកនឹកថាតើត្រូវសួរអីទៀត។ ពេលនោះ បងជីមសួរបន្ត៖
«យប់នេះ ឥតធ្វើកិច្ចការសាលាទេ កូនសិស្ស?» 
«អត់ទេ។ ស្អែក សាលាឈប់មួយថ្ងៃ។ អា៎បង ខ្ញុំសុំម៉ាក់បានទៅរៀនភាសាចិនហើយ។» 
«នឹកឃើញយ៉ាងម៉េច បានលីនចង់រៀនចិន?» 
មើលគាត់សួរចុះ គឺដូចសំណួររបស់ម៉ាក់ខ្ញុំបេះបិទ។ 
«មកពីខ្ញុំចង់ទៅរៀនបន្តនៅតៃប៉ិហ្នឹង។» 
«មកអង្កាល់?» 
«ពេលខ្ញុំជាប់បាក់ឌុប។ ឥឡូវ ខ្ញុំកំពុងត្រៀមរកអាហារូបករណ៍ទៅរៀននៅតៃប៉ិបណ្តើរៗហើយ។» 
«លីននិយាយមែន ឬលេង?» 
«គឺថាទៅរកបងឯង អូ៎ច្រឡំគឺខ្ញុំទៅរៀនបន្ត!» 
«លីនរៀនមុខវិជ្ជាអីដែរ?» 
«អឺ... អត់ទាន់ដឹងទេ។ ចាំមើលថ្នាក់អាហារូបករណ៍សិន បង។» 
«ម៉េចក៏លីនចង់មករៀនបន្តនៅតៃប៉ិនេះ?» 
ឮសំណួរនេះ ខ្ញុំឡើងគាំង។ 
«លីន? ម៉េចអត់ឆ្លើយ?» (បងជីមហៅ) 
«បងជីមចង់ដឹងចម្លើយពិត ឬកុហក?» 
«ពិត។» 
«គឺខ្ញុំចង់ទៅចួបបង។» 
ខ្ញុំឆ្លើយមុខស្ងួតចែស។ ប៉ុន្តែបងជីមវិញញញឹមស្រស់ដូចផ្កាត្រូវទឹកភ្លៀង។ ខ្ញុំធ្វើមុខស្មឿក។ 
មែនទែនទៅ ខ្ញុំចង់ដឹងអារម្មណ៍ពិតរបស់បងជីម តើគាត់ចង់ចួបខ្ញុំវិញដែរឬអត់។ 
ពេលនោះ បងជីមនិយាយ៖ 
«អ៊ីចឹងជូនពរលីនឱ្យប្រលងជាប់អាហាររូបករណ៍ ឆាប់ៗណា៎!» 
«អរគុណបងជីម!» (ខ្ញុំស្រែកដោយសប្បាយចិត្ត) 
«លីនចាំប្រាប់ផងថា រៀនបន្តមុខវិជ្ជាអី?» 
«ខ្ញុំចង់សួរបងវិញ តើខ្ញុំគួររៀនអីដែរ?» 
បងជីមនៅស្ងៀម រកនឹកមួយសន្ទុះ ទើបឆ្លើយ៖ 
«ចាំខ្ញុំប្រាប់លីនតាមក្រោយ បានទេ?» 
«ចាស។ កុំយកមុខវិជ្ជាណាSeriousពេក ព្រោះខ្ញុំមនុស្សខ្ជិលទេ។» 
បងជីមសើច រួចនិយាយ៖ 
«អូខេ។ អ៊ីចឹង ឆាប់គេងទៅ រាត្រីសួស្តី លីន!» 
«រាត្រីសួស្តីបង! តែបងកុំអាលបិទវីដេអូខល ចាំខ្ញុំគេងលក់ ចាំបងបិទ។» 
«ហាស ហាស ហាស... ហេតុអីទៅ?» 
«ខ្ញុំចង់គេងមើលមុខបងជីម ក្រែងលោយប់នេះ ខ្ញុំយល់សប្នឃើញបងមកនាំខ្ញុំដើរលេងបន្តនៅអគារ១០១ជាន់ទៀត។» 
«អូខេ។ អ៊ីចឹងតាមចិត្តលីនចុះ!» 
បងជីមនិយាយបណ្តើរ ឡើងប្រះខ្លួនលើពូកបណ្តើរ។ គាត់គេងកើយដៃម្ខាង ទាំងដាក់ទូរស័ព្ទចំពីមុខគាត់។ មើលទៅដូចពួកយើងគេងបែរមុខរកគ្នាដូច្នេះដែរ។ 
ខ្ញុំគេងមើលមុខCrushទាំងញញឹម។ 
«រាត្រីសួស្តី បង! ហួមហួម...» (ខ្ញុំនិយាយទាំងស្ងាប) 
«រាត្រីសួស្តី លីន!» (បងជីមតបវិញ ទាំងញញឹម) 
ភ្នែកខ្ញុំចាប់ផ្តើមធ្លាក់ស្រិមៗ រួចក៏បិទជិតឈឹងគ្មានដឹងខ្លួនរហូតទល់ភ្លឺ។ គេងលក់ស្រួលពេក រហូតដល់គ្មានពេលយល់សប្នយល់សូងឃើញបងជីមអីបន្តិចសោះ។ 

ព្រឹកឡើង ខ្ញុំក្រោកទាំងអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងពេញខ្លួន។ ខ្ញុំប្រញាប់រាវរកទូរស័ព្ទ។ យប់មិញ ខ្ញុំបើកមើលមុខបងជីមរហូតដល់ដេកលក់។ 
បងជីមផ្ញើរូបប៉ាម៉ាក់ និងបងស្រីរបស់គាត់។ វ៉ាវ! ក្រុមគ្រួសាររបស់គាត់សុទ្ធតែស្រីស្អាត និងប្រុសសង្ហា។ 

ញ៉ាំបាយព្រឹករួច ប៉ា និងយាយ នៅអង្គុយពិសាតែ។ ខ្ញុំសួរ៖ 
- យ៉ាងម៉េចដែរ តែអ៊ូឡុងនៅអាលីសាន ប៉ា? 
- ពេលតែអស់ទៅ ប៉ាមិនដឹងថា ទៅរកទិញវានៅឯណាបានទេ។ (ប៉ាតប) 
- នៅផ្សារយើង ក្នុងភ្នំពេញគ្មានលក់មែនទេ កូន? (យាយសួរ) 
- តែអ៊ូឡុងមានលក់ តែរសជាតិវាខុសពីនៅអាលីសាន ម៉ែ។ (ប៉ានិយាយ) 
- អ៊ីចឹងចាំឱ្យអ្នកតៃវ៉ាន់ទិញផ្ញើទៅ ប៉ា។ (បងលក្ខប្រាប់) 
- យើងមានស្គាល់អ្នកណានៅតៃវ៉ាន់នោះ ចៅលក្ខ? (យាយសួរ) 
- គឺមាន យាយ។ 
ឮបងលក្ខនិយាយដល់ត្រឹមហ្នឹង ខ្ញុំកេះបងលក្ខនិយាយបន្លប់៖ 
- បងលក្ខអ្ហា៎ ឡើងទៅលើ ខ្ញុំមានអីឱ្យមើល។ 
- អូខេ។ (បងលក្ខតប) 
ពេលនោះ យាយ និងប៉ានិយាយឡើងព្រមគ្នា៖ 
- យាយមើលដែរ។ 
- ប៉ាមើលដែរ។ 
- មិនមែនរឿងភាគទេ យាយ។ ហើយក៏មិនមែនរឿងប្រទេសជាតិដែរ ប៉ា។ (ខ្ញុំប្រាប់) 
- ចុះរឿងអីគេ? (យាយ និងប៉ា សួរឡើងព្រមគ្នាម្តងទៀត) 
- រឿងទៅរករៀនភាសាចិន។ (បងលក្ខ និងខ្ញុំកុហកព្រមគ្នា) 
បងលក្ខ និងខ្ញុំលើកដៃHi five ដាក់គ្នា។ បន្ទាប់មក ពួកយើងក៏ឡើងទៅបន្ទប់ខ្ញុំ។ បងលក្ខសួរ៖ 
- Crushឯងឈែតមកយប់មិញមែន? 
- គឺខ្ញុំអ្នកឈែតរកគាត់មុន។ (ខ្ញុំនិយាយបណ្តើរ ហុចទូរស័ព្ទឱ្យបងលក្ខបណ្តើរ) 
បងលក្ខឡើងទៅគេងលើពូក រួចចុចអានសាររបស់ខ្ញុំ។ ពេលចប់ គាត់និយាយ៖ 
- នាងលីន អ្ហា៎ យើងចង់សរសេររឿងប្រលោមលោកមួយក្បាល។ 
- បងលក្ខឯងចេះសរសេរដែរ? 
- សរសេរតាមរឿងរបស់ឯង មិនដឹងយកទៅណាអស់ នាងលីន។ 
- ហាស ហាស ហាស... 
- នែ៎ពួកឯងឈែតរកគ្នារាល់យប់មែន? 
- ចាស។ បងលក្ខអ្ហា៎ មើលឈែតរួច ជួយឆែករកអាហារូបករណ៍នៅតៃវ៉ាន់ផង។ 
ខ្ញុំនិយាយបណ្តើរ បើកឡេបថបបណ្តើរ។ បងលក្ខសួរ៖ 
- នេះឯងចង់ទៅរៀនបន្តនៅតៃប៉ិមែនទែនឬ? 
- ប្រាកដហើយ។ តើខ្ញុំគួររៀនជំនាញអីទៅ បងលក្ខ? 
- ស្រលាញ់អី រៀនហ្នុងទៅ។ 
- ខ្ញុំមិនទាំងដឹងថា ខ្លួនឯងចង់រៀនជំនាញអីផង។ 
- រៀនជំនាញPharmacist ដូចបង និងម៉ាក់ដែរទៅ។ 
- ឱសថការីហ្អ៎? អ្ហឺយ អត់រៀនទេ។ 
- មកមើលនេះ នៅTaipei Medical University មានរើសអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកពេទ្យ។ 
ខ្ញុំងើបទៅមើលជាមួយបងលក្ខ។ អាហារូបករណ៍នៅតៃវ៉ាន់ភាគច្រើនជាមុខវិជ្ជាផ្នែកវេជ្ជសាស្រ្ត តែក៏មានផ្នែកកសិកម្មដែរ។ 
- អ្ហឺយ! មានតែមុខជំនាញ ដែលខ្ញុំឥតចូលចិត្ត។ (ខ្ញុំនិយាយទាំងដកដង្ហើមធំ) 
- ហើយឯងចូលចិត្តអីចុះ? (បងលក្ខសួរបកវិញ) 
- ខ្ញុំឥតដឹងដែរ។ 
- បើខ្លួនឯងអត់ទាំងដឹងផងថាចង់រៀនស្អីផង ទោះខំរកទាល់ងាប់ក៏គ្មានបានការអីដែរ។ (បងលក្ខស្តីឱ្យ) 
ខ្ញុំនៅស្ងៀម ទម្លាក់មុខជ្រប់។ បងលក្ខនិយាយបន្ត៖ 
- ឯងរៀនខាងPharmacist ដូចយើងដែរទៅ។ 
- ចាំមើលសិន បងលក្ខ បើអស់ជម្រើស ខ្ញុំនឹងរៀនជំនាញដូចបង។ 
ពេលនោះ ប៉ាក៏ចូលមកមើលពួកយើង។ 
- ម៉េចហើយ រកសាលារៀនចិនបានហើយឬនៅ កូនលីន? 
- នៅទេប៉ា។ ពួកខ្ញុំកំពុងរកអាហារូបករណ៍ទៅតៃវ៉ាន់។ (ខ្ញុំនិយាយ) 
- រកបានហើយឬនៅ? 
 - ឃើញខ្លះហើយ តែនាងលីនមិនដឹងថា ខ្លួនឯងចង់រៀនអីផងប៉ា។ (បងលក្ខតប) 
- កុំបង្ខំប្អូនអី កូនលក្ខ។ 
- នាងលីនចូលចិត្តគិតអីច្រិមច្រុមណាស់ ប៉ា។ (បងលក្ខរអ៊ូ) 
- អាហារូបករណ៍ហ្នឹងមើលបណ្តើរៗសិនទៅកូន សំខាន់កូនត្រូវរៀនត្រៀមប្រលងបាក់ឌុបឱ្យជាប់សិន។ (ប៉ានិយាយ)) 
- ចាសប៉ា។ (ខ្ញុំតប) 
- មួយទៀត បើកូនចង់ទៅរៀននៅស្រុកគេ កូនត្រូវតាមដានមើលអាហារូបករណ៍របស់ក្រសួងអប់រំផង។ ថ្ងៃមុន ប៉ាឃើញមានគេរើសច្រើនដែរ។ 
- នៅតៃវ៉ាន់មែនទេ ប៉ា? (ខ្ញុំសួរ) 
- នៅអាស៊ី អឺរ៉ុប អាម៉េរិក អីមានទាំងអស់ហ្នឹង។ កូនឯងព្យាយាមឆែករកទៅ។ 
- ចាស ប៉ា។ 
- អ៊ីចឹង ប៉ាទៅជួយលក់ម៉ាក់ឯងវិញហើយ។ 
- ចាស។ 

ពេលប៉ាចេញបាត់ បងលក្ខ និងខ្ញុំបន្តរកព័ត៌មានទាក់ទងនឹងការរៀនសូត្ររបស់ខ្ញុំទៀត។ ទោះបីខ្ញុំមិនទាន់ពេញចិត្តមុខជំនាញផ្នែកណានៅឡើយ ក៏ខ្ញុំនៅតែព្យាយាមស្វែងយល់ជានិច្ច។ ហើយក្តីសង្ឃឹមរបស់ខ្ញុំអំពីរឿងទៅរៀនបន្តនៅតៃប៉ិចេះតែកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

Post a Comment

0 Comments