©អត្ថបទដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ម៉ោង12:12អធ្រាត្រ |
- អរគុណ បង។
- បាទ។
ភូមេនតបទាំងញញឹម រួចឱនក្បាលបន្តិចគោរពភ្ញៀវប្រុសម្នាក់ ដែលបានមកទិញកាហ្វេEspresso មុនម៉ោង១២យប់។
ភូមេនបម្រើការងារ វេនយប់ ចាប់ពីម៉ោង9PM-5AM នៅហាងកាហ្វេព្រៃត្រជាក់។ ហាងកាហ្វេព្រៃត្រជាក់ស្ថិតនៅចំណតស្ថានីយ៍រថភ្លើង ក្បែរជាយក្រុង។
ហាងនេះរចនាម៉ូដឡើងតាមបែបទូរថភ្លើងសម័យបារាំង ហើយមានពណ៌សត្នោត ដែលតំណាងឱ្យពណ៌ កាហ្វេទឹកដោះគោ។ ហាងកាហ្វេព្រៃត្រជាក់បើកដំណើរការ២៤ម៉ោង/២៤ម៉ោង រាល់ថ្ងៃ។
ភូមេនជាអ្នកឆុងកាហ្វេដ៏ជំនាញប្រចាំហាង។ ក្រៅពីឆុងកាហ្វេឆ្ងាញ់ហើយ គាត់ជាបុរសសង្ហា និងរួសរាយទៀតផង។ គាត់ស្រលាញ់ការងាររបស់គាត់ណាស់។
ថៅកែហាងទើបតែដំឡើងតួនាទីគាត់ជាអ្នកគ្រប់គ្រងហាង កាលពីបុន្មានខែមុននេះ។ ទោះបីគាត់ជាអ្នកគ្រប់គ្រងហាងក៏ដោយ ក៏គាត់នៅតែឆុង និងលើកកាហ្វេឱ្យភ្ញៀវដដែល។ គាត់មិនដែលរើសអើងការងារតូចធំ ឬធ្ងន់ស្រាលឡើយ។
រាល់យប់ នៅហាងកាហ្វេព្រៃត្រជាក់មិនសូវមានភ្ញៀវច្រើនដូចពេលថ្ងៃទេ។ មនុស្សចេញចូលទិញកាហ្វេ តែពេលមានរថភ្លើងរៀបចេញដំណើរ និងចូលចំណតប៉ុណ្ណោះ។
ក្រៅពីភ្ញៀវធ្វើដំណើរតាមរថភ្លើង ក៏មានអ្នកដំណើរដែលឆ្លងកាត់ម្តុំនេះ អាចចូលទិញម្តងម្កាលដែរ។
យប់មួយ ភូមេន នៅបម្រើការងារតែម្នាក់ឯង នៅក្នុងហាង ដោយសាថៅកែហាងមានធុរៈចេញទៅក្រៅ ហើយបុគ្គលិកដទៃទៀតបានសុំឈប់សម្រាក។
ស្នូរនាឡិកាប៉ោលនៅស្ថានីយវាយប៉ឺងៗ១២ដង ជាសញ្ញាប្រាប់ថាម៉ោង១២អធ្រាត្រហើយ ហើយរថភ្លើងចុងក្រោយក៏បានចេញដំណើរដែរ។
ភូមេនហូតកន្សែងនៅហោប៉ៅអាវអៀមពីមុខមកជូតដំណក់ញើសតូចៗ នៅលើថ្ងាស ទាំងញញឹម។
នៅខាងក្រៅហាង មានខ្យល់បោកបក់ជាខ្លាំង ដែលធ្វើឱ្យសំយាបដំបូលហាងបោកទង្គិចទង្គើរង្គើបង្កឱ្យមានសំឡេង ដូចមានអ្នកណាម្នាក់កំពុងលោតតន្រ្តំខ្លាំងៗដូច្នេះឯង។
ភ្លាមនោះ សំឡេងភ្លៀងបង្អុរលាន់សូរប្រាវៗពីលើដំបូល ដូចគេហែកមេឃ។
ភូមេនដើរប្រញាប់ប្រញាល់ទៅបិទបង្អួចហាង ហើយទាញបង្ខិតឧបករណ៍លក់ដូរ ចូលក្នុងហាង ដើម្បីកុំឱ្យត្រូវទឹកភ្លៀង។
ដោយសារស្ងាត់ភ្ញៀវ ភូមេនអង្គុយពិនិត្យមើលបញ្ជីលក់ដូរ។ សំឡេងការប្រកួតបាល់ទាត់ ដែលផ្សាយចេញពីទូរទស្សន៍ ដែលដាក់ភ្ជាប់នឹងជញ្ជាំងហាងកាហ្វេលាន់ឮតិចៗមិនឈ្នះនឹងសំឡេងភ្លៀងធ្លាក់ឡើយ។ នៅថ្មារនេះ គ្មានកម្មវិធីអី ក្រៅពីការប្រកួតបាល់ទាត់នោះទេ។
កំពុងតែផ្ទៀងផ្ទាត់បញ្ជីលក់ដូរ ស្រាប់តែឮសូរសំឡេងក្ឌាំង នៅក្នុងឃ្លាំងដាក់អីវ៉ាន់ នៅខាងក្រោយហាង ដែលធ្វើឱ្យភូមេនភ្ញាក់ព្រើត។
«ប្រហែលជាកញ្ចប់អីវាន់ធ្លាក់ហើយមើលទៅ។»
ភូមេននឹកក្នុងចិត្ត តែគេនៅអង្គុយធ្វើការដដែល។
នៅខាងក្រៅហាង ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងដដែល តែខ្យល់រាងស្ងប់បន្តិចហើយ។
ក្ឌាំង ក្ឌាំង!... សំឡេងខ្លាំងៗកាន់តែឮឡើងៗ ប្រណាំងនឹងសំឡេងទឹកភ្លៀង លាន់ចេញពីឃ្លាំងខាងក្រោយ។
«សំឡេងស្អីហ្នឹង?!»
ភូមេនក្រោកដើរយ៉ាងលឿនទៅរកប្រភពសំឡេង ទាំងឆ្ងល់យ៉ាងខ្លាំង។ គេបើកអំពូលភ្លើងបំភ្លឺផ្លូវ ទៅកាន់ឃ្លាំង។
គេចុចបើកភ្លើងនៅជញ្ជាំង មុខឃ្លាំង រួចបើកសោទ្វារដើរចូលទៅក្នុង ដោយចង់ដឹង...
ក្ឌាំង! កេសដាក់អីវ៉ាន់ធំមួយធ្លាក់ពីលើធ្នើរប៊ិះនឹងត្រូវជើងភូមេន។ ភូមេនញោចស្មាបន្តិច ដោយភ្ញាក់ផ្អើល។
ភូមេនឃើញកេសអីវ៉ាន់ជាច្រើនធ្លាក់ដួលរេលពេញកម្រាលឥដ្ឋ ដូចជាមានមនុស្សលើកបោះដូច្នេះ។
- ហើយកើតស្អីហ្នឹង?
ភូមេននិយាយឮៗតែម្នាក់ឯង ដោយក្រឡេកភ្នែកមើលក្នុងឃ្លាំងទាំងមូល។ ស្ងាត់ច្រៀប!
ភូមេនក៏បែរខ្លួនបម្រុងនឹងដើរចេញ រំពេចនោះ ស្រាប់តែមានចំហាយខ្យល់ត្រជាក់ស្រេងបក់មកប៉ះនឹងសក់របស់គាត់។ គាត់ងាកមុខទៅវិញ ព្រះអើយ!...
គឺមនុស្សប្រុសម្នាក់ដែលមានឈាមហូរកក្លាក់ពេញមុខ កំពុងឈរទល់នឹងមុខគាត់ប្រហែលតែមួយជំហានប៉ុណ្ណោះ។ ភូមេនចាប់ផ្តើមញ័រជើងទទ្រើក ហើយសួរទាំងរដាក់រដុប៖
- ឯង..ជា..អ្នក...ណា?
- ដៃខ្ញុំនៅឯណា?
បុរសចម្លែកនោះសួរយឺតៗវិញ ទាំងសម្លេងស្អកស្អា ហើយថែមទាំងបង្ហាញស្មា ដែលកំបុតដៃម្ខាងទៅកាន់ភូមេន។
ភូមេនតក់ស្លុតជាខ្លាំង ដែលឃើញស្មាបុរសនោះកំពុងតែហូរឈាមកក្លាក់។
គេបែរខ្លួនរត់សំដៅទ្វារចេញ រួចប្រមូលស្មារតីដែលនៅសេសសល់មួលទ្វារ ហើយចាក់សោរពីខាងក្រៅជាប់ ហើយផ្លោះតែប៉ុន្មានជំហានបុណ្ណោះទៅក្នុងហាងកាហេ្វវិញ។
ភូមេនប្រញាប់ចុចទូរស័ព្ទទៅរកថៅកែហាង ទាំងភិតភ័យ៖
- អាឡូ បង!
- មានការអី ភូមេន? (សំឡេងថៅកែសួរ)
- គឺ... ខ្ញុំបានចួប...ខ្មោច... នៅក្នុងឃ្លាំងដាក់អីវ៉ាន់...បង... (ភូមេនតបទាំងដាច់ៗ ទាំងភ្នែកសម្លឹងទៅទ្វារឃ្លាំងអីវ៉ាន់)
- ហាស ហាស ហាស... ខ្មោចស្អីអ្ហៈ!
- ខ្ញុំឃើញផ្ទាល់ភ្នែក បង! (ភូមេនបញ្ជាក់)
- អឺ ប៉ុណ្ណឹងសិនចុះ បងជិតទៅដល់ហាងហើយ។
ភូមេនដើរទៅចាំថៅកែ នៅជិតទ្វារ។
ក្ឌាំង! ក្ឌាំង!...
សំឡេងនៅក្នុងឃ្លាំងអីវ៉ាន់នៅតែបន្តឮសូរមិនដាច់សោះ។
ភូមេនឈរញ័រជើងបែកញើសជោក ទាំងខ្លួនកំពុងស្ថិតនៅក្នុងហាងដែលបើកម៉ាស៊ីនត្រជាក់ស្រេង។ គាត់លើដៃសំពះបន់ស្រន់ដូនតារបស់គាត់ សុំកុំឱ្យខ្មោចក្នុងឃ្លាំងចេញមករកគាត់ មុននឹងថៅកែហាងមកដល់។
«នៅវេលាម៉ោង១២:១២នាទីអធ្រាត្រមុននេះ រថភ្លើងជើងចុងក្រោយបានផ្ទុះ នៅតំបន់ទួលលិច ហើយមនុស្សទាំងអស់នៅក្នុងរថភ្លើង បានស្លាប់គ្មានសល់ម្នាក់ឡើយ។ ភ្លាមៗក្រោយហេតុការណ៍នេះ សំឡេងស៊ីរ៉ែនឡានទឹក និងរថយន្តសង្គ្រោះបានបន្លឺកងរំពងទាំងកណ្តាលរាត្រី។ ឥឡូវនេះ ក្រុមសង្រ្គោះបន្ទាន់កំពុងតែ...» សំឡេងផ្សាយចេញពីទូរទស្សន៍។
- ព្រះ!.. ជួយ!...
ភូមេនឧទានឮៗ ដោយតក់ស្លុតជាខ្លាំងនឹងពត៌មាននេះ។
- តុ តុ តុ...
សំឡេងគោះទ្វារខ្លាំងៗនៅមុខហាងបន្លឺឡើង ភូមេនបើកទ្វារយឺតៗ ទាំងញ័រដៃទទ្រើក...
អានរឿងផ្សេងទៀត៖
0 Comments