កាហ្វេខ្មៅ

កាហ្វេខ្មៅ
©អត្ថបទដោយ ហេង ដារី 
©រូបភាព​ និងរចនាចំណងជើង ដោយ ហេង សុធារៈ 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
កាហ្វេ​ខ្មៅ ដោយ ហេង ដារី
ខ្ញុំជាអ្នកខេត្តមណ្ឌលគិរី។ អ្នកខ្លះស្រលាញ់ខ្ញុំផ្កាប់មុខ។ អត់អីអត់ចុះ កុំឱ្យតែអត់ខ្ញុំ។ នែ! គឺថារាងអ៊ែមដែរហ្នឹងអ្ហា៎អ្នក។
អ្នកខ្លះវិញឃើញខ្ញុំអត់បាន ហើយធ្វើម៉េចនឹងបាន បើឃើញញ័រ ឃើញញ័រ...គឺថាញ័រទ្រូង ញ័រស្អីៗអស់ហើយ។ ញ័រនេះមិនមែនញ័រស្នេហា ឬញ័រស្អប់ខ្ញុំអីទេ គឺថាញ័រខ្លាចខ្ញុំហ្នឹងឯង។ 
ខ្ញុំលួចសើចហួសចិត្តម្នាក់ឯងជារឿយៗ ថាហេតុអ្វីក៏មានអ្នកខ្លាចខ្ញុំដល់ម្លឹង។ ខ្ញុំជាក្មេងប្រុសម្នាក់ដែលស្លូតបូតស្រគតស្រគំសោះ ដាក់កន្លែងណានៅកន្លែងហ្នឹង។ 
បើក្លិនវិញ មិនបាច់និយាយទេអ្នកអើយ គឺថាឈ្ងុយឆ្ងិតដិតច្រមុះឆ្លងភូមិ។ ចំណែករសជាតិខ្ញុំវិញ រាងល្វីងតែរាងផ្អែមតិចៗក្នុងបំពង់ក។ 

ខ្ញុំមិនមែនតារាអីទេ ប៉ុន្តែខ្ញុំត្រូវបានមនុស្សម្នាគ្រប់គ្នាស្គាល់ខ្ញុំ។ 
ខ្ញុំឈ្មោះ កាហ្វេខ្មៅ ស្ថិតក្នុងត្រកូលអារ៉ាប៊ីកា។ បើគេហៅខ្ញុំតាមត្រកូល គឺអាកាកា មិនមែនអាខ្មៅក្រិបអ៊ីចឹងទេ។ មែនទែនទៅ ខ្ញុំមានសម្បុរត្នោតចាស់ តែមិនដឹងយ៉ាងម៉េចគេហៅខ្ញុំ «ខ្មៅ ខ្មៅ» អ៊ីចឹងទៅ។ 

ជាកាហ្វេខ្មៅ១កែវ ដែលតែងតែស្ថិតជាប្រចាំនៅលើតុក្នុងហាងកាហ្វេមួយ បើជាអ្នកវិញមានអារម្មណ៍បែបណាដែរ? ខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងការអង្គុយនៅលើតុដដែលៗជារៀងរាល់ថ្ងៃ។ ខ្ញុំសម្រេចចិត្តថា មិនចង់នៅទីនេះទៀតទេ។ ខ្ញុំចង់រត់ចេញទៅក្រៅ ដើម្បីស្វែងរកអ្វីដែលថ្មី ហើយប្លែកៗពីទីនេះ។ 

ថ្ងៃមួយ ខ្ញុំក៏លើកជើងរត់ចេញពីកែវ ហើយចាប់ផ្តើមដើរតាមផ្លូវ ដែលខ្ញុំមិនដែលស្គាល់សោះ។ ខ្ញុំមើលភាពស្រស់ស្អាតនៃទីកន្លែងនីមួយៗ។ 
ដើរបានបន្តិច ខ្ញុំចួបនឹងកាហ្វេដែលមានរសជាតិផ្សេងៗទៀតដូចជា ឡាតេ ម៉ូកា និងអាម៉េរិកាណូ។ ខ្ញុំសួររាក់ទាក់ដាក់ពួកគេ៖ 
- សួស្តី! តើអ្នករាល់គ្នាទៅណា? 
- សួស្តី! ខ្ញុំទៅកន្លែងដែលមានភាពស្រស់ស្អាត និងមានអ្នកផឹកកាហ្វេកាលីបៗ! (ឡាតេឆ្លើយ) 
- ហើយយើងក៏ទៅកន្លែងដែលមានអ្នកស្រឡាញ់កាហ្វេកូនកាត់ដូចយើងផងដែរ! (ម៉ូកាស្រីស្អាតបន្ថែម) 
- យើងវិញ ចង់ទៅកន្លែងដែលធំជាងគេ ហើយឡូយជាងគេ។ (អាម៉េរិកាណូនិយាយស្អកៗ) 
ស្តាប់ហើយ ខ្ញុំក៏ចង់សាកល្បងទៅកន្លែងនោះជាមួយពួកគេដែរ។ 

ដូច្នេះ ខ្ញុំក៏ដើរតាមពួកកាហ្វេទាំងនោះទៅ។ ធ្វើដំណើរមួយសន្ទុះធំ ពួកយើងក៏ប្រទះឃើញកន្លែងមួយ ដែលមានសំឡេងលាន់ឮទ្រហឹងអឺងកង នោះគឺជា... កន្លែងលក់កាហ្វេដ៏ធំមួយនៅកណ្តាលទីក្រុង ដែលមានភ្ញៀវច្រើនណែនណាន់តាន់តាប់។ 
ប៉ុន្តែទីកន្លែងនោះនៅតែជាហាងកាហ្វេដដែល។ ខ្ញុំពោលទាំងមុខស្ងួត៖ 
- អូ! ខ្ញុំគិតថា ខ្ញុំនឹងបានទៅកន្លែងណាមួយដែលគួរឱ្យចាប់អារម្មណ៍ ហើយប្លែក តែនេះវាគ្រាន់តែជាកន្លែងលក់កាហ្វេមួយទៀតប៉ុណ្ណោះ! 
- ព្រោះតែពួកយើងជាកាហ្វេ តើឱ្យទៅហាងលក់ត្រីម៉េចនឹងកើត ហាស ហាស ហាស... (ឡាតេនិយាយទាំងសើច) 
ម៉ូកា និងអាម៉េរិកាណូផ្ទុះសំណើចឡើងព្រមគ្នាដែរ។ 
- ឥឡូវ កាហ្វេខ្មៅឯងចូលទៅជាមួយពួកយើងឬអត់? (អាម៉េរិកាណូសួរ) 
- អត់ទេ។ (ខ្ញុំគ្រវីក្បាល) 
- អ្ហាៈ! ម៉េចអ៊ីចឹង? (ឡាតេ ម៉ូកា និងអាម៉រិកាណូសួរព្រមគ្នា) 
- ខ្ញុំត្រលប់ទៅហាងចាស់របស់ខ្ញុំ ដើម្បីរក្សាអត្តសញ្ញាណពិសេសដែលជាកាហ្វេខ្មៅរបស់ខ្ញុំ។ គ្រប់គ្នាស្គាល់ខ្ញុំ ដោយសារតែរសជាតិរបស់ខ្ញុំ មិនមែនស្គាល់ខ្ញុំដោយសារ​តែហាងដ៏ធំសម្បើមនោះទេ។ (ខ្ញុំតប) 
- ប៉ុន្តែហាងថ្មីនេះ មានភ្ញៀវច្រើនខ្លាំងណាស់! ចង់មិនចង់ ឯងនឹងត្រូវបានគេស្គាល់ច្រើន ហើយឯងប្រាកដជាល្បីក្នុងពេលឆាប់ៗនេះមិនខាន។ (នាងតូចម៉ូកាពន្យល់) 
ខ្ញុំងក់ក្បាលយល់ស្រប ប៉ុន្តែខ្ញុំនៅតែសម្រេចចិត្តត្រឡប់ទៅហាងកាហ្វេខ្លួនវិញដដែល។ 

នៅតាមផ្លូវត្រលប់ទៅហាងវិញ ខ្ញុំបានគិតជាច្រើនដល់កន្លែងដើម ដែលជាផ្ទះដំបូងរបស់ខ្ញុំ។ ហាងកាហ្វេនោះតូច តែពោរពេញទៅដោយក្លិនឈ្ងុយនៃគ្រាប់កាហ្វេ។ ទីនោះស្ងប់ស្ងាត់ មិនសូវមានមនុស្សច្រើនចេញចូលផឹកខ្ញុំទេ។ 
រៀងរាល់ព្រឹក ម្ចាស់ហាងតែងរៀបចំឆុងខ្ញុំ យ៉ាងសម្រិតសម្រាំង និងបង្កប់ទៅដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។ 
ចំណែកអ្នកមករកខ្ញុំវិញមិនមានច្រើនដូចហាងដែលធំនៅកណ្តាលក្រុងនោះទេ ប៉ុន្តែពួកគេបានស្គាល់ច្បាស់អំពីរសជាតិកាហ្វេខ្មៅអារ៉ាប៊ីកាខ្ញុំ នៅហាងតូចមួយនេះ។  ការរស់នៅទីនោះធ្វើឱ្យខ្ញុំដឹងថា កន្លែងដែលសមជាងគេ ហើយល្អបំផុតសម្រាប់ខ្ញុំគឺស្ថិតនៅលើតុក្នុងហាងកាហ្វេតូចនោះឯង។ 

គិតហើយ ខ្ញុំរត់យ៉ាងលឿនសំដៅហាងកាហ្វេតូច។ ពេលទៅដល់តុ ខ្ញុំលើកជើងឡើងថ្នមៗចូលក្នុងកែវកាហ្វេវិញ ដោយប្រុងប្រយ័ត្នបំផុត។ 
- កាហ្វេខ្មៅ១ អ្នកលក់! (បងស្រីម្នាក់ដែលជាម៉ូយប្រចាំនៅទីនេះពោល) 
ខ្ញុំញញឹមខ្ជឹប ត្រៀមខ្លួនដើម្បីទៅចួបបងស្រីដែលជាFanខ្ញុំផ្កាប់មុខ។

Post a Comment

0 Comments