កាហ្វេភូមិ 1

កាហ្វេភូមិ 1
©អត្ថបទដោយ ហេង ដារី 
©រចនាក្រប ដោយ ហេង សុធារៈ 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ចំពូកទី1: បុរសកាហ្វេខ្មៅ 
សំឡេងស្បែកជើងកវែងបន្លឺ «ទឹប ទឹប» នៅលើឥដ្ឋកន្សែង។ ដៃកាន់កាបូបដាក់ឧបករណ៍ជួសជុលពណ៌ខ្មៅដែលបន្លឺ «គ្រឹក គ្រឹក» ពេលដើរចូលក្នុងហាង។ 
- សុជាតា! សុំកាហ្វេខ្មៅមួយកែវ! ខ្មៅសុទ្ធ គ្មានស្ករ គ្មានទឹកដោះគោ គ្មានផ្អែមអីទាំងអស់! 
បងសុខលាភ ដែលអ្នកភូមិដាក់ងារថា «បុរសកាហ្វេខ្មៅ» បន្លឺឡើងម៉ាត់ៗ។ 
ខ្ញុំសម្លឹងមុខគាត់បន្តិច។ ភ្នែកគាត់ថ្លាមុត ជាមួយទឹកមុខសោះកក្រោះដូចផ្លូវបេតុង នៅមុខហាង។ អ្នកភូមិដឹងថាជីវិតគាត់ «ខ្មៅ ហើយល្វីងចត់» ដូចកាហ្វេអ៊ីចឹង។ 
កាហ្វេភូមិ ដោយ ហេង ដារី
កាហ្វេភូមិ ដោយ ហេង ដារី
គាត់ជាជាងជួសជុលម៉ូតូ គោយន្ត និងគ្រឿងម៉ាស៊ីនផ្សេងៗ។ គាត់មានហាងតូចមួយនៅចុងភូមិ។ គាត់ពាក់អាវយឺតពណ៌ប្រផេះដែលមានស្នាមប្រេងម៉ាស៊ីន។ ខោ ខូវប៊យពណ៌ខៀវចាស់ជើងវែងដែលមានរហែកតិចៗនៅជង្គង់។ 
មុខគាត់ឡើងរោលស្រគាំ ដោយកម្តៅថ្ងៃ។ ទឹកមុខមាំ និងស្មើធេង ដោយសារអតីតសង្សារគាត់បានបោក ហើយទុកឲ្យគាត់ខូចចិត្តខ្ទេចខ្ទាំដូចខ្ទឹមចញ្រ្ចាំ។ 
រាល់ថ្ងៃ សំឡេងចម្រៀងខារ៉ាអូខេលាន់តម្លង់ឮៗ «ជឿចិត្តអូនចុះណាប្រុសពន្លក អូនមិនឆបោក ប្រុសកុំសង្ស័យ…» ពីអ្នកជិតខាងស្រីៗ ធ្វើឲ្យគាត់ធុញថប់ និងមួម៉ៅជាខ្លាំង។ 
ខ្ញុំគិតថា បងសុខលាភមកហាងកាហ្វេខ្ញុំ រាល់ព្រឹក ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ជាមួយកាហ្វេខ្មៅ។ 
គាត់ដើរទៅអង្គុយប៉ុកជិតដើមទឹកដោះគោ រួចដាក់កាបូបឧបករណ៍លើតុ។ ពេលនោះ ធារិច ឆ្កែធំរបស់ខ្ញុំ ដែលមានមុខដូច ដាយណូស័រ បានដើរមកជិតជើងខ្ញុំ។
វាសម្លឹងបងសុខលាភ រួចដើរទៅហិតជើងគាត់។ ឃើញមុខគាត់ក្រញូវ ខ្ញុំក៏និយាយលេងសើច៖ 
- បងលាភ មើលធារិច! វាចង់ផឹកកាហ្វេខ្មៅជាមួយបងដែរ។ 
បងសុខលាភយកដៃអង្អែលក្បាលធារិចបន្តិច រួចក៏ចាប់ទ្រចង្កាវាផ្ងើយឱ្យមើលមុខគាត់ រួចតប៖ 
- អ៊ីចឹងបានឯងកំដរយើងហើយ ធារិច! 
- កាហ្វេខ្មៅសុទ្ធ ល្វីងហើយចត់ដូចម៉ាស៊ីនគាំងមែន បង? បងមិនដាក់ទឹកដោះគោអីតិចទេ? នេះមានទឹកដោះគោស្រស់ថ្មីៗទើបយកមកពីកសិដ្ឋានពូធីព្រឹកមិញ? (ខ្ញុំសួរបញ្ជាក់ទាំងញញឹម) 
- ទេ! ដាក់អាខ្មៅសុទ្ធមក! គឺអាខ្មៅដូចជីវិតខ្ញុំអ៊ីចឹង កុំដាក់ផ្អែមអីនាំតែខះក មែនទេ ធារិច? 
បងសុខលាភឆ្លើយ ដោយមុខមាំដដែល។ ធារិចមិនខ្វល់រឿងកាហ្វេខ្មៅឬផ្អែមទេ។ វាគិតតែបង្វិលក្បាលវាដេញក្រឡឹងកន្ទុយវាជាច្រើនជុំ។ 
- បងជាង សាហាវណាស់! តែបើល្វីងខ្លាំង កុំស្តីឱ្យខ្ញុំ។ (ខ្ញុំសើច) 
ខ្ញុំដើរទៅឈរក្រោយតុឈើ ក្នុងហាងតូចរបស់ខ្ញុំ ដែលស្ថិតនៅក្បែរផ្សារអរិយក្សត្រ តាមដងទន្លេមេគង្គ។ នៅលើផ្ទៃទឹកមានកាណូត ស្រឡាងដឹកអ្នកដំណើរ ស្រឡាងដឹកខ្សាច់ និងទូកនេសាទតូចៗបើកទៅបើកមកមិនដាច់។ 
ព្រឹកនេះ ខ្យល់ត្រជាក់បក់រំភើយៗមកពីទន្លេ លាយឡំជាមួយនឹងសំឡេងអ្នកលក់ដូរនៅក្នុងភូមិ។ 
បងស្រីម៉ៅ អ្នកលក់ត្រីនៅផ្សារតូចក្បែរនោះ ស្រែកពពាយនាយកោកៗម្នាក់ឯង «ត្រីស្រស់ៗ ល្អៗ ទើបឡើងពីទូកថ្មីៗ!»... 
ផ្លូវបេតុងតូច១ខ្សែដែលទើបនឹងធ្វើហើយ ផ្ទះឈើចាស់ៗ លាយជាមួយផ្ទះថ្មថ្មីទំនើបទើបសង់ បានប្រាប់ឱ្យដឹងថា ភូមិនេះកំពុងរីកចម្រើន។ ម៉ូយៗអ្នកផឹកកាហ្វេខ្លះនិយាយថា «ឆាប់ៗនេះ ភូមិយើងនឹងក្លាយជាក្រុងហើយ!» ខ្ញុំសើចក្នុងចិត្ត «ក្រុងឬអត់ ខ្ញុំនៅតែចូលចិត្តទន្លេនេះជាង!» 
ហាងកាហ្វេខ្ញុំទើបនឹងបើកប្រមាណជិត១ខែ នៅក្រោមម្លប់ដើមឈើហូបផ្លែធំៗ ស្រឡះល្ហល្ហេវ ដោយសារគ្មានជញ្ជាំងបិទបាំងទេ។ ប៉ុន្តែមានរបងផ្ទះ១ចំហៀង ដែលមានរូបគំនូរពីទិដ្ឋភាពអ្នករស់នៅតាមដងទន្លេមេគង្គ។ តុនិងកៅអី៦០%​ច្នៃ​ពី​ធុងប្រេងលាបពណ៌ខៀវ ដោយស្នាដៃបងសុខលាភ។ ឯ៤០%ទៀត ជារបៀបតុកៅអីបោះតង់។ ផ្លាកឈើសរសេរថា «ហាងកាហ្វេសុជាតា» ប៉ុន្តែអក្សរ «ត» សឹងតែរលុប ដោយសារឈើឡើងជាំទៅដោយសំណើមទឹកភ្លៀង។ 
ប៉ាខ្ញុំបានឱ្យទីធ្លាមុខផ្ទះរបស់គាត់មួយចំហៀង ដើម្បីឱ្យខ្ញុំបើករបររកស៊ីនេះ។ តូបកាហ្វេតូច១បញ្ឈរនៅខាងមុខហាង ដែលធ្វើពីឈើ ដំបូលស័ង្កសី ដើម្បីឆុងកាហ្វេ និងទុកដាក់គ្រឿងគ្រៅលក់ដូរផ្សេងៗ។ 
ខ្ញុំកាន់ស្លាបព្រា និងកែវកាហ្វេ ហើបមាត់ច្រៀងតិចៗ «ក្រមុំស្រុកស្រែ ចេះខ្លាច​ឪម៉ែជាងកូនអ្នកផ្សារ…» 
សំឡេងស្រាលស្រទន់របស់ខ្ញុំធ្វើឲ្យពូធីដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ នៅចុងភូមិ និងបងធារី ដែលអង្គុយផឹកកាហ្វេ ញញឹមតាម។ 
- អឺ! រាល់ថ្ងៃហ្នឹង វាខ្លាចឳម៉ែវាណាស់។ (សំឡេងប៉ាស្រែកគ្រលរមកពីក្នុងផ្ទះ) 
- ខ្ញុំមិនមែនក្រមុំស្រុកស្រែណា ប៉ា! (ខ្ញុំរអ៊ូ) ច្រៀងម្ហបៗប៉ុណ្ណឹងហើយ នៅស្តាប់ឮទៀត ប៉ា។ 
- គេក្រមុំស្រុកទន្លេសោះ ណស់ជាតាណស់! (បងធារីតបទាំងក្របួចមាត់សើច) 
ខ្ញុំលើកម្រាមដៃជាសញ្ញាអូខេ ដាក់បងធារី ទាំងញញឹមញញែម។ 
នៅលើតុក្បែរខ្ញុំ មានម៉ាស៊ីនកិនកាហ្វេចាស់ ដែលបន្លឺសំឡេង «គឹស គឹស ច្រែ​ច្រែ​ច្រែ...» រាល់ពេលបើក។ 
ខ្ញុំរអ៊ូម្នាក់ឯង «ម៉ាស៊ីននេះដូចតួកំប្លែងអ៊ីចឹង ធ្វើឲ្យខ្ញុំអស់សំណើចរាល់ថ្ងៃ! ចំមែន!»។ 
ខ្ញុំបើកកំប៉ុងគ្រាប់កាហ្វេ រួចដាក់កិន ប៉ុន្តែម៉ាស៊ីនគាំងទ្រឹង។ ខ្ញុំគោះប៉ុក ប៉ុក... រួចរអ៊ូ៖ 
- ម៉េចបានគាំងទៀតហើយ ណព្វបេះដូង! 
- ជាតា! ម៉េចមិនហៅបងជាងមកជួយមក។ (បងធារីឱ្យយោបល់) 
- អេ៎! បងលាភមកជួយមើលខ្ញុំបន្តិចមក។ (ខ្ញុំស្រែកពឹងបងសុខលាភ) 
- ជាតាមានអីឱ្យបងលាភមើលមែន? (បងធារីបន្តនិយាយបង្អាប់) 
- ចាស មាន គឺតាម៉ាស៊ីនជរា១នេះ បង ហាស ហាស ហាស... ម្ង៉ៃៗគិតតែគាំងស្ញេញ ហើយធ្វើម៉េចនឹងបានកាហ្វេខ្មៅដ៏ឈ្ងុយល្វីងតែតឱ្យបងជាងទៅ។ (ខ្ញុំតបទាំង​សើច) 
អ្នកភូមិនាំគ្នាសើចគិលឡើងតាមសម្តីចច្រែតចាក់ទឹកមិនលិចរបស់ខ្ញុំ។ 
បងសុខលាភដើរតម្រង់ទៅរកម៉ាស៊ីនកាហ្វេចាស់ទាំងមុខមាំ រួចនិយាយទាំងដកដង្ហើមធំ៖ 
- ម៉េចឯងចង់គាំងជាងជីវិតខ្ញុំមែន! ខ្ញុំខំគេចពីសំឡេងចម្រៀង ហើយនៅតែ​មកជួបម៉ាស៊ីនអន់ដូចឯងទៀត! 

បងសុខលាភ ហៅបងលាភ បងលាភ យកទួណឺវីសចេញពីកាបូប រួចឱនជួសជុល។ គាត់រុះរើបន្តិច រួចបន្ធូរវីស «គ្រឹក គ្រឹក» ហើយគ្រាប់កាហ្វេក៏បាញ់ «ប៉ក់ ប៉ក់» ពេញមុខរបស់គាត់។ ខ្ញុំសើច៖ 
 - បងលាភ ពេលនេះខ្មៅទាំងជីវិត ខ្មៅទាំងមុខហើយ! 
បងលាភយកដៃជូតកាហ្វេនៅលើមុខបណ្តើរ រអ៊ូបណ្ដើរ៖ 
- ម៉ាស៊ីនកាហ្វេនេះ យ៉ាប់ជាងម៉ាស៊ីនម៉ូតូចាស់របស់ខ្ញុំទៀត។ 
គាត់បន្ថែមប្រេងតិចៗ ដូចជួសជុលម៉ូតូ ហើយម៉ាស៊ីនក៏បន្លឺសំឡេងលាន់ គឹក គ្រឹក... ដើរឡើងវិញ។ ប៉ុន្តែសំឡេងលាន់ខ្លាំងដូចម៉ូតូខូចប៉ាដាង។ 
ម៉ូយកាហ្វេម្នាក់សើចរួចបង្អាប់៖ 
- សុខលាភ ច្នៃម៉ាស៊ីនកាហ្វេ ទៅជាម៉ាស៊ីនគោយន្តហើយ ជាតាអើយ! 
ខ្ញុំសើច រួចងាកទៅប្រាប់បងលាភ៖ 
- អរគុណបងជាង! ឥឡូវខ្ញុំឆុងកាហ្វេឲ្យ។ 

មិនបានប៉ុន្មាននាទីផង កាហ្វេខ្មៅក្តៅៗ ក្លិនឈ្ងុយដល់ត្រើយម្ខាងនៃទន្លេបានហើយរួចរាល់។ ខ្ញុំលើកពែងកាហ្វេ ដែលមានផ្សែងអណ្តែតឡើងប៉ះនឹងមុខខ្ញុំ ទៅដាក់នៅពីមុខបងសុខលាភ រួចនិយាយ៖ 
- នេះបង កាហ្វេខ្មៅ ធានាហ្សីន១០០%! 
បងសុខលាភលើកពែងកាហ្វេក្រេបមួយក្អឹក ស្រាប់តែមាត់ស្លេកស្ប៉ឹម៖ 
- ចត់ហើយជូរ… ដូចសង្សារចាស់ខ្ញុំបោក អ៊ីចឹង! 
- បងសុខលាភ លើកក្រោយខ្ញុំនឹងបន្ថែមប្រេងម៉ូតូបន្តិច ដើម្បីឱ្យសមជីវិត​បង​ឯង! (ខ្ញុំសើច) 
- យី! ម៉ាស៊ីនកាហ្វេឡើងអន់ ហើយចេះឆុងបានកាហ្វេខ្មៅខ្លាំង ហើយឈ្ងុយគ្រាន់បើ! លើកក្រោយ ខ្ញុំនឹងជួសជុលឱ្យល្អជាងនេះ។ (បងលាភពោលទាំងញញឹមចុងមាត់បន្តិច គាត់លើកកែវកាហ្វេក្រេបមួយក្អឹកទៀត រួចសួរបន្ត) ហើយម៉េចបានកាហ្វេនេះជូរហួញអ៊ីចឹង? 
- គឺខ្ញុំបានថែមក្រូចឆ្មារមួយផ្លែចូល ព្រោះខ្ញុំគិតថា បងប្រហែលជាចង់បានរសជាតិចត់ហើយជូរបែបថ្មី! ម៉េចចូលចិត្តទេ? (ខ្ញុំសួរទាំងអស់សំណើច) 
បងលាភសម្លក់ខ្ញុំមួយភ្លែត ប៉ុន្តែភ្លាមនោះ គាត់ក៏សើចតិចៗដូចខ្យល់ហួច៖ 
- យី! ប្អូននេះហ៊ានលេងសើចនឹងជីវិតខ្ញុំផង! ប៉ុន្តែ កាហ្វេជូរនេះមិនអន់ទេ លើកក្រោយ ធ្វើឱ្យខ្ញុំមួយទៀតមក តែកុំដាក់ក្រូចឆ្មារច្រើនអ៊ីចឹងទៀត ខ្ញុំមិនចង់ឱ្យជីវិតខ្ញុំឆ្កួតដល់ថ្នាក់នោះទេ។ 
ម៉ូយៗនៅតូបកាហ្វេសើចឮៗ ពូធីក៏ស្រែកថា៖ 
- សុខលាភអ្ហាៈ! ប្រយ័ត្ន ជាតាដាក់អំបិលលើកក្រោយ! 
ខ្ញុំងាកឆាច់ទៅឱ្យមេដៃពូធី រួចនិយាយទាំងញញឹម៖ 
- អូ៎! គំនិតល្អណាស់ ពូ! លើកក្រោយ ខ្ញុំនឹងធ្វើកាហ្វេចត់ជូរប្រៃ ឱ្យបងលាភសាកម្តង ហាស ហាស ហាស... 
បងលាភស្តាប់ហើយញ័រក្បាល តែស្នាមញញឹមនៅតែជាប់លើផ្ទៃមុខដ៏មាំរបស់គាត់ដដែល។ នេះជាអ្វីដែលអ្នកភូមិមិនដែលឃើញពីមុនមក។ 
ចាន់ឌីអង្គុយក្បែរពូធី និយាយ៖ 
- នែ៎! ជាតា ខ្ញុំឮថា ស្អែកៗនេះ ប៊យឡូយ នឹងបើកហាងកាហ្វេទំនើប១ នៅកណ្តាលភូមិយើង។ 
- ខ្ញុំគិតថា ហាង ប៊យឡូយ នោះ ខ្ពស់ពេកហើយសម្រាប់អ្នកភូមិយើង។ (ពូធីពោល)
- ហាងសុជាតានេះ កាហ្វេល្អខ្មៅសុទ្ធ និងឈ្ងុយខ្លាំង ប៉ុន្តែម៉ាស៊ីនអន់ ចាំខ្ញុំជួយជួសជុលឲ្យល្អ បើ ប៊យហាយ មក ខ្ញុំធ្វើឲ្យគេភ័យ! (បងលាភនិយាយទាំងជឿជាក់) 
- យី! បងលាភមិនទាន់បានអីផង ប្តូរឈ្មោះគេបាត់ គេ ប៊យឡូយ ទៅហៅគេ ប៊យហាយ ប្រយ័ត្នគេមករករឿងអ្ហ៎ាៈ! (ខ្ញុំពោលទាំងអស់សំណើច) 
- អឺ ពិរោះម្យ៉ាងដែរ បើហាងកាហ្វេគេ ដាក់ឈ្មោះ «ប៊យប៊យ» ហាស ហាស ហាស...
(បងធារីសើច) 
មាត់ខ្ញុំសើចតាមបងស្រីធារី តែក្នុងចិត្តវិញស្ងួតឱ្យចែសរកថាមិនត្រូវ។ 
វត្តមាននៃហាងកាហ្វេទំនើបថ្មីរបស់ ប៊យឡូយ ធ្វើឱ្យខ្ញុំព្រួយចិត្តនឹងមុខរបររកស៊ីតក់ៗរបស់ខ្ញុំ។ 
ឥឡូវនេះ គ្មានហាងប៊យឡូយផង ហាងខ្ញុំមានតែអ្នកភូមិប៉ុន្មាននាក់ប៉ុណ្ណោះចេញចូល។ ខ្ញុំសម្លឹងម៉ាស៊ីនកាហ្វេចាស់ «គឹក គ្រឹក» ដោយស្ងៀមស្ងាត់។ តើខ្ញុំគួររៀប​ចំ​ហាងកាហ្វេខ្ញុំយ៉ាងម៉េចដើម្បីរក្សាបានម៉ូយ? 
បងលាភនឹងជួយខ្ញុំបានច្រើន រឿងជួសជុលម៉ាស៊ីនគាំងនេះ។ 
- ជាតាឯងនៅក្មេង រហ័សរហួន មានកែវភ្នែកភ្លឺថ្លា ជាមួយនឹងស្នាមញញឹមរួសរាយ ដែលធ្វើឲ្យអ្នកណាៗក៏ចូលចិត្តឯងដែរ។ ឯងកុំបារម្ភអី អ្នកភូមិយើងនៅតែគាំទ្រ​កាហ្វេភូមិយើងជានិច្ច។ (បងធារីនិយាយលើកទឹកចិត្ត) 
- មែនហើយ ជាតា មានពូធី ម្នាក់នេះទៀត! (ពូធីនិយាយទាំងលើកដៃជាសញ្ញាអូខេ) 
 - អរគុណបងរី អរគុណពូធី! (ខ្ញុំពោលទាំងសំពះពួកគាត់)
...
រង់ចាំអាន ចំពូកទី2 បន្ត...

Post a Comment

0 Comments