កាហ្វេភូមិ 2
©អត្ថបទដោយ ហេង ដារី
©រចនាក្រប ដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ព្រឹកបន្ទាប់ពីថ្ងៃដែលបងលាភកែម៉ាស៊ីនកាហ្វេឲ្យទៅជាសំឡេងគោយន្ត។
ពន្លឺថ្ងៃរះចាំងលើទន្លេមេគង្គ ធ្វើឲ្យភូមិអរិយក្សត្រមើលទៅចាំងភ្លឺព្រាកៗស្អាតដូចគំនូរនៅជញ្ជាំងរបងចំហៀងហាងកាហ្វេរបស់ខ្ញុំ។
ខ្យល់ត្រជាក់នៅតែបក់មកពីទន្លេ។ ប៉ុន្តែថ្ងៃនេះ មានសំឡេងចម្លែកមួយបន្លឺឮពីហាងកាហ្វេខ្ញុំ «គឹក គ្រឹក គឹក…» ដូចគោយន្តចាស់កំពុងស្ទុះឆក់ឆក់ ពេលបរកាត់ដីភក់។
![]() |
កាហ្វេភូមិ ដោយ ហេង ដារី |
អ្នកភូមិដែលដើរកាត់ ឈប់មើល ហើយអ្នកខ្លះទៀតសើច «ហាងកាហ្វេ ឬហាងជួសជុលម៉ូតូហ្នឹង!»។
ខ្ញុំឈរក្រោយតុឈើ កាន់កែវកាហ្វេ សម្លឹងម៉ាស៊ីនកិនកាហ្វេ ហើយរអ៊ូ៖
- បងលាភ ធ្វើឲ្យម៉ាស៊ីនកាហ្វេខ្ញុំមានសំឡេងដូចគោយន្ត ម៉ូយៗភ័យរត់អស់ហើយ!
បងលាភ ដែលទើបដើរមកដល់ ស្បែកជើងកវែងបន្លឺ «ទឹប ទឹប» ដាក់កាបូបឧបករណ៍ «ប៉ុក» លើតុ ហើយឆ្លើយ៖
- រអ៊ូអីហ្នឹង? ម៉ាស៊ីននេះដើរបាន គួរសប្បាយចិត្តទៅ! បើវាគាំង បានអីធ្វើកាហ្វេខ្មៅឲ្យខ្ញុំ!
គាត់អង្គុយចុះ សម្លឹងម៉ាស៊ីនដែលបន្លឺ «គឹក គ្រឹក» ហើយញញឹមតិចៗ ដែលជាស្នាមញញឹមដ៏ស្រស់ស្រាយលើកដំបូងដែលខ្ញុំបានឃើញ បន្ទាប់ពីជីវិតខ្មៅអស់ជាច្រើនឆ្នាំជាមួយអតីតសង្សារគាត់។
ខ្ញុំលើកដៃនិយាយ៖
- អូ បងជាង អាចសើចហើយហ្នឹង! បើខ្ញុំធ្វើកាហ្វេខ្មៅឲ្យបងរាល់ព្រឹក បងសើចរាល់ថ្ងៃទៅ!
ពូធី ដែលអង្គុយជិតនោះ សើចដែរ៖
- ជាតា ធ្វើឲ្យបុរសកាហ្វេខ្មៅ ក្លាយជាបុរសស្រស់ស្រាយហើយតើ!
ខ្ញុំចាប់ផ្តើមកិនកាហ្វេ ប៉ុន្តែសំឡេង «គឹក គ្រឹក» កាន់តែលាន់ខ្លាំង ហើយរំញ័រដល់តុឈើទាំងមូល។ កែវកាហ្វេមួយធ្លាក់លាន់សូរ «ប្រាវ» បែកជាបំណែក ពេញលើឥដ្ឋកន្សែង។ ម៉ូយកាហ្វេម្នាក់ស្រែក៖
- បងសុខលាភ ម៉ាស៊ីននេះអាចជិះឆ្លងទន្លេបានហើយ!
បងលាភងើបឈរ យកទួណឺវីសមួល «គឹក គឹក» ហើយតប៖
- យី! ម៉ាស៊ីនអន់ ម៉េចមកស្តីឱ្យខ្ញុំ! ចាំខ្ញុំជួសជុលឲ្យស្ងាត់វិញ!
បងលាភឱនជួសជុល ប៉ុន្តែស្រាប់តែទឹកកាហ្វេខ្មៅ ដែលនៅក្នុងម៉ាស៊ីន បាញ់ «ភូស» ខ្ចាយកំពប់ប្រឡាក់ជោគអាវក្រឡាការ៉ូពណ៌ក្រហមចាស់របស់គាត់។ ខ្ញុំខ្ទប់មាត់លួចសើច៖
- ខ្មៅអើយខ្មៅ! បងលាភ ឥឡូវខ្មៅទាំងអាវ ទាំងជីវិត ទាំងមុខហើយ! ម៉ាស៊ីនកាហ្វេជរានេះ សាកសមនឹងបងឯងណាស់!
- យី! នៅច្រៀងឌឺបងទៀត ម៉េចមិនហុចក្រដាសមក។ (បងលាភសម្លក់ខ្ញុំ)
ខ្ញុំហុចប្រអប់ក្រដាសឱ្យបងលាភ។ គាត់ជូតអាវខ្វោកៗ រួចនិយាយ៖
- ខ្ញុំមិនហ៊ានស្រលាញ់ឯងទេ ខ្លាចម្ចាស់ឯងគ្មានស្អីឆុងកាហ្វេឆ្កួតៗឱ្យខ្ញុំ ប៉ុន្តែខ្ញុំជួយជួសជុលឯងបាន។
គាត់ឱនកែម៉ាស៊ីនបន្ត។ មួយសន្ទុះក្រោយ ក៏ឮសំឡេង «គឹក គ្រឹក» ស្ងប់ទៅជា «គឹស គឹស» ដូចមុន។ ពូធីទះដៃអបអរ៖
- ប្អូនជាង អស្ចារ្យណាស់!
- អរគុណបង! ប៉ុន្តែ បើម៉ាស៊ីនខូចទៀត ខ្ញុំហៅបងមកសើចជាមួយខ្ញុំទៀតហើយ។ (ខ្ញុំពោល)
បងលាភដាក់ខ្លួនអង្គុយចុះ នៅតុក្បែរខ្ញុំ រួចតប៖
- បើជាតាធ្វើឲ្យខ្ញុំសើចបាន ជីវិតខ្មៅខ្ញុំប្រហែលភ្លឺឡើងបន្តិចហើយ។
ខ្ញុំញញឹម រួចក៏ប្រញាប់ឆុងកាហ្វេខ្មៅ ដោយបន្ថែមក្រូចឆ្មារ១ចំណិតឱ្យបងជាង។
ស្រាប់តែសំឡេងឡានទំនើបមួយគ្រឿង «វ៉ឹម» បើកមកឈប់នៅមុខហាង។
បុរសម្នាក់ពាក់អាវធំពណ៌ប្រផេះ ពាក់វ៉ែនតាខ្មៅ និងកាន់ទូរស័ព្ទថ្មី ដើរចុះមក រួចងើយសម្លឹងផ្លាកហាងរបស់ខ្ញុំ។ គេមើលទៅទាន់សម័យ មិនដូចអ្នកភូមិអរិយក្សត្រទេ។
អ្នកភូមិម្នាក់ខ្សឹប «នោះ ប៊យឡូយ មកហើយ! គឺ Boy High ហ្នឹង!»
ខ្ញុំងាកមុខមករកបងសុខលាភ រួចពោលតិចៗ៖
- បង! នោះ ប្រហែលជាម្ចាស់ហាងទំនើប មកដល់ហើយ។
ប៊យឡូយដើរចូលមកដោយដំណើរធ្ងន់ៗស្ទើរនឹងទ្រុឌឥដ្ឋកន្សែងចុះទៅក្នុងដីបាត់។ គេឈរសម្លឹងមើលទិដ្ឋភាពក្នុងហាងទាំងមូលមួយស្របក់ ហើយនិយាយឮៗ៖
- នៅណា ម្ចាស់ហាង? មានអីផឹកខ្លះ?
ខ្ញុំដើរទៅជិត រួចគោរពភ្ញៀវបន្តិច ទើបឆ្លើយ៖
- នេះ មឺនុយ! បង អាចកំម៉ង់ហៅតាមហ្នឹងបាន។
ប៊យឡូយយកមឺនុយទៅមើលបន្តិច រួចទម្លាក់ចោលលើតុ ហើយសួរ៖
- នៅទីនេះ ភេសជ្ជៈអីដែលល្បីប្រចាំហាង?
- ចាស កាហ្វេខ្មៅ។
- អាមេរិកាណូ? (ប៊យឡួយសួរដោយជ្រួញចិញ្ចើមក្រាស់ប៉ុនមេជើងចូលគ្នា)
- អត់មានអាមេរិកាណូទេ មានតែកាហ្វេខ្មៅ បង។
- រួចពីណាគេ ផឹកកើត មិនញ័រស្អីៗងាប់ហើយ។
- បងអាចលាយទឹកដោះគោស្រស់បាន បើមិនចង់ផឹកខ្មៅសុទ្ធ។
- រួចទឹកដោះគោហ្នឹង យកមកពីណា? មានប្រភពអីច្បាស់លាស់ទេហ្នឹង តិចផឹកហើយ រាកគេពេញភូមិ!
- គេអត់ដែលរាកផង ព្រោះស៊ាំនឹងទឹកដោះគោកសិដ្ឋានក្នុងភូមិនេះហើយ។
- ចុះបើខ្ញុំផឹកហើយរាក គិតយ៉ាងម៉េច?
- រត់ទៅបង្គន់ផ្ទះបងទៅ។
- អីក៏ប៉ិនម្ល៉េះ! ភ្ញៀវឈឺពោះឱ្យរត់ទៅផ្ទះ។ ចុះទីនេះអត់មានបន្ទប់ទឹកទេ?
- អត់ផង!
- ហាងនេះ មើលទៅចាស់ហួសសម័យ! ខ្ញុំនឹងបើកហាងកាហ្វេទំនើប មានម៉ាស៊ីនត្រជាក់ កាហ្វេប្រេនៗ ភេសជ្ជៈផ្អែមៗត្រជាក់ៗ នៅជិតទីនេះឆាប់ៗ! ហើយហាងខ្ញុំនឹងមានបន្ទប់ទឹកសម្រាប់ភ្ញៀវទៀត។
- កាហ្វេប្រេនៗ អាផ្អែមៗត្រជាក់ហ្នឹង មិនសាកសមនឹងអ្នកភូមិនេះទេ។ ទីនេះចូលចិត្តកាហ្វេខ្មៅ និងសំណើចសើចលេង។ (បងលាភនិយាយលូកមាត់ឮៗ)
- អ្ហ៊ឹះ! សើចច្រើន មិននាំលុយមកទេ។ (ប៊យឡូយតបទាំងសើចចុងច្រមុះ រួចរេភ្នែកទៅសម្លក់បងលាភ)
- ហើយឥឡូវ បងកំម៉ង់អី? (ខ្ញុំសួរ)
- អត់ចង់កំម៉ង់ ព្រោះអត់មានអីត្រូវផឹក!
- ធារិច! ធារិច!...
ខ្ញុំក្ដក់ហៅឆ្កែខ្ញុំ។ ធារិចស្ទុះបោលពីក្រោយហាងមករកខ្ញុំ។ វាបក់កន្ទុយរវិចៗសម្លឹងមុខខ្ញុំបន្តិច ហើយក៏វ៉ាក់អឺជាមួយប៊យឡូយ ជនចំណូលថ្មី។
ធារិចចាប់ផ្តើមគ្រហឹម រួចព្រុស «វូស វូស...» ឡើងទ្រហឹងពេញហាង។
ប៊យឡូយក្រោកឈរប្រុងនឹងដើរចេញ។ ជើងទាំង២ឡើងញ័រតិចៗ រួចស្រែកប្រណាំងនឹងសំឡេងចំទាលរបស់ធារិច៖
- ជួយឃាត់ឆ្កែផង!
- ចាស ធារិចជូនភ្ញៀវ! (ខ្ញុំតប)
ធារិចឃើញប៊យឡូយដើរចេញ ស្ទុះលោដល់ក្បាល ប៊យឡូយភ័យញ័រខ្លួនទទ្រើក រួចស្រែកទាំងតក់ស្លុត៖
- មិនបាច់ជូនទេ ជួយឃាត់ឆ្កែអូនឯងផង ខ្ញុំលាហើយ!
ខ្ញុំឃាត់ធារិច ដោយចាប់ទាញប្រឡៅកវា កុំឱ្យដេញតាមប៊យឡូយទៀត។
ប៊យឡូយមុខក្រហម ហើយដើរចេញទៅឡាន «វ៉ឹម» បាត់ស្រមោល។
អ្នកភូមិសើចគិលឡើងពេញនៅក្នុងហាងកាហ្វេតូចរបស់ខ្ញុំ។
ពូធីនិយាយទាំងអស់សំណើច៖
- ប៊យឡូយនេះ ឡូយបស់គេមែន! តែឥឡូវចួបរបស់ពិតហើយ។
បងលាភសម្លឹងប៊យឡូយ ពីក្រោយ ដៃចាប់ពែងកាហ្វេក្រេប រួចរអ៊ូ៖
- បើកហាងទំនើប ក៏ទំនើបតែឯងទៅ ចាំបាច់មកទើសស្អីនឹងហាងកាហ្វេតូច១នេះ។
អ្នកភូមិសើចឮៗ៖
- ប៊យឡូយ ខ្ពស់ពេក មករកកាហ្វេភូមិផឹកមិនបានទេ! ទៅផឹកនៅហាងខ្លួនឯងវិញ។
ខ្ញុំញញឹម រួចងាកមកសួរបងសុខលាភ៖
- បងជាង តើហាងកាហ្វេភូមិដូចពួកយើង អាចស៊ូនឹងហាង ប៊យឡូយ ដែរទេ?
- បើជាតាធ្វើកាហ្វេខ្មៅឲ្យខ្ញុំរាល់ថ្ងៃ ខ្ញុំជួសជុលអ្វីម៉ាស៊ីនចាស់ឱ្យដើរស្រួល ហើយអាចឆុងបានរាប់សិបកែវក្នុង១ថ្ងៃៗ។ (បងលាភតបទាំងញញឹម)
អ្នកភូមិទះដៃហ៊ោ ហើយខ្ញុំក៏សើចតាម៖
- បើអ៊ីចឹង យើងនឹងស៊ូបាន ត្រង់ជួយសើចទាំងអស់គ្នាហ្នឹងឯង!
...
រង់ចាំអាន ចំពូកទី3 បន្ត...
0 Comments